បរទេស៖ នៅព្រឹកថ្ងៃពុធនេះប្រទេសញូវសឺឡេន បានធ្វើការប្រកាសព្រមានអំពីការចែកចាយ វ៉ាក់សាំងបែបជាតិនិយម ដែលវានឹងអាចធ្វើឲ្យ មានការប៉ះពាល់ខ្លាំងទៅដល់ ការដឹកជញ្ជូនចេញទៅកាន់អន្តរជាតិហើយ សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងនៅក្រោយពេលដែល ប្រទេសបានប្រកាសទទួលស្គាល់ ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ Pfizer។
នាយករដ្ឋមន្ត្រី Jacinda Ardern បាននិយាយថាលោកស្រីនៅតែរំពឹងទុកថាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech នឹងអាចដឹកមកដល់ក្នុងប្រទេស នៅចុងខែមិនាប៉ុន្តែបានសំដែងអារម្មណ៍ព្រួយបារម្ភផងដែរ ចំពោះការកំណត់ចំនួននៃវ៉ាក់សាំង។
ថ្លែងនៅក្នុងសន្និសិទកាសែតមួយ លោកស្រីនាយករដ្ឋមន្ត្រី បានបន្តថាពិភពលោកនឹង មិនទាន់មានសុវត្ថិភាពនោះទេ ប្រសិនបើមិនមានការ
ចែកចាយវ៉ាក់សាំង ទៅកាន់គ្រប់តំបន់ក្នុងពិភពលោក ហើយច្បាស់ណាស់ពិភពលោកនឹង មិនអាចទ្រាំមើលឃើញបញ្ហា នៃការចែកចាយកើតឡើងនោះដែរ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃអង្គារ ប្រធានផ្នែកចែកចាយវ៉ាក់សាំង របស់ប្រទេសជប៉ុនបាននិយាយថា ការនាំចេញវ៉ាក់សាំងទៅកាន់អ៊ឺរ៉ុប ដែលកំពុងមានបញ្ហាពិតជា បានធ្វើឲ្យប៉ះពាល់ទៅដល់ការចែកចាយវ៉ាក់សាំង នៅក្នុងប្រទេសរបស់ខ្លួន៕
ប្រែសម្រួល៖ ស៊ុន លី