Covid-19

កូរ៉េខាងជើង នឹងទទួលបានថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ពីឥណ្ឌា

បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងស្ថិតនៅក្នុងបញ្ជីប្រទេស មានប្រាក់ចំណូលទាប ដែលនឹងត្រូវទទួលបានថ្នាំវ៉ាក់សាំងកូវីដ១៩ តាមរយៈកម្មវិធី COVAX Facility របស់អង្គការសុខភាពពិភពលោក បើទោះជាបន្តអះអាងថា គ្មានករណីមេរោគកូរ៉ូណា ទាល់តែសោះក៏ដោយ។

យោងតាមកម្មវិធី COVAX Facility នៅថ្ងៃពុធសប្ដាហ៍នេះ របបរបស់លោក គីម ជុងអ៊ុន ដែលលើកកម្ពស់ការជួយ ខ្លួនឯងផ្នែកសេដ្ឋកិច្ចនោះ គឺនឹងទទួលបានថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន ១.៩៩២.០០០ដូច ក្នុងឆមាសដំបូងនៃឆ្នាំនេះ។

ថ្នាំវ៉ាក់សាំងនោះ នឹងទៅដល់រួមគ្នាជាដុំ ហើយកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងទទួលបានប្រហែលពី៣៥ទៅ៤០ភាគរយ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២១នេះ ហើយសេសសល់ផ្សេងទៀត នៅក្នុងត្រីមាសទី២។

គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងរបស់កូរ៉េខាងជើង ទិញយកថ្នាំវ៉ាក់សាំង គឺត្រូវបានរាយការណ៍ដំបូង ដោយកាសែត Wall Street Journal នៅក្នុងខែមករា។ ទីក្រុងព្យុងយ៉ាងបានដាក់ពាក្យ ស្នើសុំថ្នាំវ៉ាក់សាំង ទៅអង្គការភាពជាដៃគូសុខភាពពិភពលោក សាធារណៈនិងឯកជន Gavi ដែលធ្វើការងារដើម្បីធ្វើឲ្យប្រសើរឡើង នូវការចាក់ថ្នាំបង្ការោគនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top