បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ ហើយលោកទាំងពីរបានប្តេជ្ញាថា នឹងពង្រឹងសម្ពន្ធភាពទ្វេភាគី និងអភិវឌ្ឍយុទ្ធសាស្ត្រកូរ៉េខាងជើង នេះបើយោងតាមវិមានខៀវ ប្រធានាធិបតីកូរ៉េខាងត្បូង។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះ គឺជាលើកទីមួយដែល ប្រធានាធិបតីទាំងពីរពិភាក្សាគ្នា ចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករាមក។
លោក មូន ជេអ៊ីន បានពិពណ៌នាថា រដ្ឋបាលលោក បៃដិន ថ្មីនេះ គឺជាការបង្ហាញនូវឱកាស ដើម្បីចាប់ផ្តើមជាថ្មី នូវដំណើរការសន្តិភាពដែលកំពុងតែរអាក់រអួល នៅលើឧបទ្វីបកូរ៉េ។
មន្ត្រីនាំពាក្យវិមានខៀវ លោក Kang Min-seok បាននិយាយប្រាប់ដូច្នេះថា “លោកប្រធានាធិបតី មូន បានមានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េនិងសហរដ្ឋអាមរិក នឹងធ្វើការងាររួមគ្នា ដើម្បីជំរុញពន្លឿនការលុបបំបាត់ នុយក្លេអ៊ែលើឧបទ្វីបកូរ៉េ និងការដោះស្រាយប្រកប ដោយសន្តិភាពអចិន្ត្រៃយ៍” ៕
ប្រែសម្រួល៖ ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)