បរទេស៖ បេក្ខភាពរដ្ឋមន្ត្រីការបរទេស របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា លោកបានឮដោយផ្ទាល់ពី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្តីពីឆន្ទៈរបស់លោក ក្នុងការលុបបំបាត់នុយក្លេអ៊ែ និងថា លោកបានរក្សាការសន្យារបស់លោក ចាប់តាំងពីឆ្នាំ២០១៨។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង EDaily បានរាយការណ៍ថា លោក Chung Eui-yong
ជាអតីតទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី មូន ជេអ៊ីន បានថ្លែងយ៉ាងដូច្នោះ នៅក្នុងពេលឆ្លើយនឹងសំនួរ ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការរដ្ឋសភា។
នៅពេលត្រូវលោក Cho Tae-yong ជាសមាជិករដ្ឋសភា មកពីបក្សប្រឆាំងសួរលោក អំពីជំនួបរបស់លោកជាមួយ មេដឹកនាំកូរ៉េខាងជើងកាលពីខែមីនា ឆ្នាំ២០១៨ លោក Chung បានបញ្ជាក់ថា លោក គីម ជុងអ៊ុន បានបង្ហាញឆន្ទៈបោះបង់ចោលអាវុធនុយក្លេអ៊ែ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា លោកបាននិយាយបន្តទៀតថា សេចក្តីថ្លែងការណ៍នោះ គឺត្រូវបានធ្វើឡើង ក្រោយការសម្រេចចិត្តរបស់លោក គីម ជុងអ៊ុន ចាប់ផ្តើមកិច្ចចរចាលុបបំបាត់នុយក្លេអ៊ែ ជាមួយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ប៉ាង កុង