ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្រ្តីការបរទេស កំពូលរបស់អាមេរិកលោក George Shultz ទទួលមរណភាពក្នុងវ័យ ១០០ឆ្នាំ

វ៉ាស៊ីនតោន៖ លោក George Shultz ដែលជារដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកក្នុងរដ្ឋបាល អតីតប្រធានាធិបតីលោក Ronald Reagan បានទទួលមរណភាព កាលពីថ្ងៃសៅរិ៍ក្នុងជន្មាយុ ១០០ឆ្នាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មរណភាពរបស់លោកត្រូវបាន ប្រកាសនៅថ្ងៃអាទិត្យ ដោយវិទ្យាស្ថាន Hoover នៅឯសាកលវិទ្យាល័យ Stanford ជាកន្លែងដែលលោក Shultz បានធ្វើការអស់រយៈពេលជាង ៣ទសវត្សរ៍។

វិទ្យាស្ថាន Hoover បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិត្តរួមការងាររបស់យើង គឺជារដ្ឋបុរសអាមេរិកាំងដ៏អស្ចារ្យម្នាក់ និងជាអ្នកស្នេហាជាតិដ៏ស្មោះត្រង់ម្នាក់ នៅក្នុងន័យនៃពាក្យទាំងអស់។ លោកនឹងត្រូវបានគេចងចាំ ជាប្រវត្តិសាស្ត្រថា ជាបុរសម្នាក់ដែលបានធ្វើឱ្យពិភពលោក ក្លាយជាកន្លែងដែលប្រសើរជាងនេះ” ។

លោក Shultz គឺជាជនជាតិអាមេរិកាំងម្នាក់ ក្នុងចំណោមជនជាតិអាមេរិកពីរនាក់ ដែលបានកាន់មុខតំណែង កម្រិតគណៈរដ្ឋមន្ត្រីសហព័ន្ធ ៤ផ្សេងគ្នា។

លោកបានបម្រើការជាលេខាធិការ នៃការងារប្រធានការិយាល័យគ្រប់គ្រង និងថវិកា និងជាលេខាធិការរតនាគារនៅក្នុងរដ្ឋបាល Richard Nixon ហើយលោកជារដ្ឋលេខាធិការនៅសម័យ Ronald Reagan ពីឆ្នាំ ១៩៨២ ដល់ ១៩៨៩ ។

ក្រុមអ្នកវិភាគបានកត់សម្គាល់ថា លោក Shultz ដែលជាអ្នកជឿទុកចិត្តលើការទូត បានជួយជំរុញឲ្យសង្គ្រាមត្រជាក់ ឈានដល់ទីបញ្ចប់ដោយសន្តិវិធី។

គួរបញ្ជាក់ថា លោកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចរចាសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរ កម្រិតមធ្យមរវាងទីក្រុងវ៉ាស៊ីនតោន និងម៉ូស្គូ ដែលមេដឹកនាំនៃភាគីទាំងពីរ បានចុះហត្ថលេខានៅឆ្នាំ១៩៨៧ ៕

ដោយ ឈូក បូរ៉ា

To Top