ព័ត៌មានអន្តរជាតិ

ទីក្រុងប៉េកាំង ជំរុញអាមេរិក ឲ្យមានតម្លាភាពដូចចិនក្រោយ លទ្ធផលរកឃើញរបស់ អង្គសុខភាពពិភពលោក

បរទេស៖ ប្រទេសចិនបាននិយាយថា សហរដ្ឋអាមេរិកគួរតែទទួលមន្ត្រី ស៊ើបអង្កេតរបស់អង្គការ សុខភាពពិភពលោក សម្រាប់ការស៊ើបអង្កេតប្រហាក់ប្រហែលគ្នា នឹងបេសកកម្មស្វែងរកការពិត របស់អង្គការសុខភាពពិភពលោក នៅទីក្រុងវូហាន ពាក់ព័ន្ធនឹងវត្តមានជម្ងឺកូវីដ១៩ នៅលើទឹកដីសហរដ្ឋអាមេរិក នាឆ្នាំ២០១៩។

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង បានមានប្រសាសន៍នៅថ្ងៃពុធនេះ ក្នុងសន្និសីទកាសែតមួយថា ប្រទេសចិនអាចនឹងមិនមែន ជាប្រភពនៃមេរោគកូរ៉ូណា បើទោះជារកឃើញករណីឆ្លងមេរោគនោះ នៅក្នុងទីក្រុងវូហាន ដែលបានរាតត្បាតទៅក្រៅព្រំដែនប្រទេសចិន នៅក្នុងដើមឆ្នាំ២០២០។

លោក វ៉ាង វិនពីង បានថ្លែងយ៉ាងដូច្នេះថា “មានចំណុចគន្លឹះ សេចក្តីរាយការណ៍ និងការសិក្សាជាច្រើន បង្ហាញថា ការផ្ទុះឆ្លងមេរោគថ្មី បានចាប់ផ្តើមក្នុងទីតាំងជាច្រើន នៅជុំវិញពិភពលោក មុនឆមាសទីពីរនៃឆ្នាំ២០១៩ ហើយមេរោគកូរ៉ូណា អាចនឹងមានវត្តមាននៅសហរដ្ឋអាមេរិក មុនពេលករណីជម្ងឺកូវីដ១៩ដំបូង ត្រូវបានរាយការណ៍ជាផ្លូវការ នៅក្នុងប្រទេស”។

គួរបញ្ជាក់ថា មន្ត្រីការទូតចិន ក៏បានជំរុញទីក្រុងវ៉ាស៊ីនតោន ឲ្យប្រើប្រាស់ឥរិយាបថបើកចំហ និងមានតម្លាភាពដូចគ្នានឹងប្រទេសចិន ហើយអញ្ជើញឲ្យអ្នកជំនាញ អង្គការសុខភាពពិភពលោក ធ្វើការសិក្សាតាមដានពីប្រភពមេរោគ នៅក្នុងសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top