យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា កិច្ចសហប្រតិបត្តិការ រវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍អន្តរជាតិ។
ប្រធានអង្គការ សហប្រជាជាតិ បានប្រាប់សារព័ត៌មានចិនស៊ីនហួថា “យើងស្វាគមន៍ រាល់ការទំនាក់ទំនង ដោយផ្ទាល់រវាងប្រទេស ដែលមានសេដ្ឋកិច្ច ធំជាងគេទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍អន្តរជាតិ នៅពេលដែលយើងប្រឈមមុខ នឹងបញ្ហាប្រឈមជាច្រើន ជាពិសេសការ ផ្លាស់ប្តូរអាកាសធាតុ និងការរីករាលដាលនៃជំងឺកូវីដ-១៩” នេះបើតាមការឲ្យដឹង ពីអ្នកនាំពាក្យរបស់លោក គឺលោក Stephane Dujarric ។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានជួបជជែកគ្នា តាមទូរស័ព្ទជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន។
ប្រធានាធិបតីទាំងពីរ បានជូនពរគ្នាទៅវិញទៅមក ក្នុងបុណ្យចូលឆ្នាំចិន និងមានការផ្លាស់ប្តូរ យោបល់ស៊ីជម្រៅ លើប្រទេសចិន – សហរដ្ឋអាមេរិក នៃទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ និងក្នុងតំបន់សំខាន់ៗផ្សេងទៀត៕ ដោយ ឈូក បូរ៉ា