DAP News

ព័ត៌មានអន្តរជាតិ

OPEC៖ តម្រូវការប្រេង របស់ពិភពលោក នឹងកើនឡើង ៥,៨លានបារ៉ែល ក្នុងមួយថ្ងៃ នៅឆ្នាំ២០២១

វីយ៉េន៖ អង្គការ ប្រទេសនាំប្រេងចេញ (OPEC) បានពិនិត្យឡើងវិញ នូវការព្យាករណ៍របស់ខ្លួន ចំពោះតម្រូវការប្រេង ពិភពលោកសម្រាប់ឆ្នាំ ២០២១ ដោយព្យាករណ៍ពីកំណើនប្រចាំឆ្នាំ ៥,៨ លានបារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងរបាយការណ៍ ប្រចាំខែរបស់ខ្លួន ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមរបាយការណ៍ បានឱ្យដឹងថាចំនួននេះ គឺទាបជាងការព្យាករណ៍ កាលពីខែមុនប្រហែល ០,១ លានបារ៉ែលក្នុងមួយថ្ងៃ ដែលភាគច្រើនបណ្តាលមក ពីការបិទប្រទេស ឬដាក់ឱ្យដំណើរការឡើងវិញ នៅក្នុងប្រទេសមួយចំនួននៃអង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ។

តម្លៃប្រេងឆៅបានកើនឡើង យ៉ាងខ្លាំងនៅក្នុងខែមករា ដោយថ្លៃទំនិញ ប្រចាំថ្ងៃរបស់ OPEC កើនឡើង ៥,២១ ដុល្លារអាមេរិក ឬ១០,៦ ភាគរយ លើសពីមួយខែ ទៅមួយខែ ជាមធ្យមដល់ ៥៤,៣៨ ដុល្លារ ក្នុងមួយបារ៉ែល។

អង្គការ OPEC បានឲ្យដឹងផងដែរថា ខណៈពេលដែលជំងឺរាតត្បាត នៅតែបន្ត គ្របដណ្តប់ការអភិវឌ្ឍ សេដ្ឋកិច្ចពិភពលោក ទស្សនវិស័យ សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការការពារនៃ ជំងឺកូវីដ-១៩ កំពុងកើនឡើងផងដែរ។

អង្កការនេះបានព្យាករណ៍ថា សកម្មភាពសេដ្ឋកិច្ចនឹង “ទទួលបានល្បឿន គួរឱ្យកត់សម្គាល់” នៅចុងខែមិថុនា ឆ្នាំ ២០២១ដោយសារផលប៉ះពាល់ នៃជំងឺរាតត្បាត នឹងថយចុះហើយសន្ទុះនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានគាំទ្រ ដោយតម្រូវការពិសេសក្នុងវិស័យសេវាកម្ម ដែលពឹងផ្អែកខ្លាំង។  ដូចជាទេសចរណ៍ ការកំសាន្ត និងបដិសណ្ឋារកិច្ច។

 ទោះជាយ៉ាងនេះ ក្តីបញ្ហាប្រឈមជាច្រើន នៅតែមានរួមទាំងជំងឺកូវីដ- ១៩ទម្រង់ថ្មី និងប្រសិទ្ធភាព នៃវ៉ាក់សាំងប្រឆាំងនឹងការផ្លាស់ប្តូរ នៃទម្រង់ឆ្លងថ្មីទាំងនេះ។

លើសពីនេះទៅទៀត បំណុលរដ្ឋនៅក្នុងសេដ្ឋកិច្ច ភាគច្រើនបានកើនឡើង ដល់កម្រិត ដែលការដំឡើងអត្រា ការប្រាក់អាចបណ្តាល ឱ្យមានបញ្ហាសារពើពន្ធធ្ងន់ធ្ងរ៕ ដោយ ឈូក បូរ៉ា

To Top