ព័ត៌មានអន្តរជាតិ

ប្រេសិតយូអិន ជំរុញអាមេរិក ឲ្យបន្ធូរបន្ថយទណ្ឌកម្ម លើវេណេស៊ុយអេឡា

បរទេស៖ ប្រេសិតអង្គការសហប្រជាជាតិ នៅពេលថ្មីៗនេះ បាននិយាយថា ទណ្ឌកម្មសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប លើប្រទេសវេណេស៊ុយអេឡា កំពុងតែធ្វើឲ្យឲ្យវិបត្តិមនុស្សជាតិមានភាពកាន់តែអាក្រក់ឡើង និងបានណែនាំឲ្យសហរដ្ឋអាមេរិក បន្ធូរបន្ថយចំណាត់ការរបស់ខ្លួន។ 

ក្រោយដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃ លោកស្រី Alena Douhan ជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ បានធ្វើសេចក្តីណែនាំនៅក្នុងរបាយការណ៍បឋមមួយថា ទណ្ឌកម្មគួរតែត្រូវបានដក ហើយរដ្ឋាភិបាលវេណេស៊ុយអេឡា គួរតែត្រូវបានផ្តល់ឲ្យទទួលបានជំនួយ ដែលបានបង្កកនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងព័រទុយហ្គាល់។ 

លោកស្រី Alena Douhan បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ទណ្ឌកម្មឯកតោភាគី ដែលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសដទៃទៀត បានបង្កើនដាក់នោះ បានធ្វើឲ្យមានភាពអន្តរាយកាន់តែធ្ងន់ធ្ងរខ្លាំងឡើង”។ 

គួរបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០១៩ ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរដ្ឋ Petroleos de Venezuela ក្នុងកិច្ចប្រឹងប្រែងព្យាយាមផ្តួលរំលំលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top