ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ពិភាក្សាបញ្ហាអាកាសធាតុជាមួយ ប្រេសិតអាមរិកស្របពេល មានក្តីព្រួយបារម្ភពីទណ្ឌកម្ម

បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី លោក Sergei Lavrov តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ ជាមួយប្រេសតិអាកាសធាតុសហរដ្ឋអាមេរិក លោក John Kerry នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នា ធ្វើសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងក្រុមប្រឹក្សាអាក់ទិក។ 

កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះ គឺត្រូវបានធ្វើឡើង ស្របពេលភាពតានតឹងរវាងទីក្រុងមូស្គូនិងលោកខាងលិច កើនកម្តៅខ្លាំងឡើង។ លោក Sergei Lavrov បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីនឹងត្រៀមលក្ខណៈជាស្រេចដើម្បីកាត់ផ្តាច់ចំណងមិត្តភាពជាមួយសហភាពអឺរ៉ុប ប្រសិនបើសហគមន៍នោះ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ 

លោក Sergei Lavrov បាននិយាយប្រាប់លោក John Kerry ថា លោកស្វាគមន៍ចំពោះបំណងរបស់រដ្ឋបាលអាមេរិកថ្មី ដែលចូលរួមជាថ្មីក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាកិច្ចព្រមព្រៀងពិភពលោក មានប្រទេសជិត២០០ប្រទេសចូលរួម ដើម្បីបញ្ឈប់ការកើនសីតុណ្ហភាពឲ្យបានលឿន ជៀសវាងមានបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរ។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុ ដោយហៅវាថាជាគ្រោះមហន្តរាយរបស់អាមេរិក៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top