បរទេស៖ លោក Katsunobu Kato ប្រធានខុទ្ទកាល័យ បាននិយាយកាលពីថ្ងៃអាទិត្យថា ការដាច់ចរន្តអគ្គិសនីដែលបណ្តាលមកពីការរញ្ជួយដី នៅប្រទេសជប៉ុននាពេលថ្មីៗនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់ ការផ្ទុកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅសីតុណ្ហាភាព ដែលត្រូវការនោះទេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Kato បានប្រាប់អ្នកយកព័ត៌មាន នៅពេលដែលត្រូវបានគេសួរថាតើកង្វះថាមពលអគ្គីសនីបានធ្វើឱ្យមានផលប៉ះពាល់ណាមួយ ដល់ការផ្ទុកវ៉ាក់សាំងដែរទេ លោកថា «ការផ្ទុកត្រូវបានអនុវត្ត នៅសីតុណ្ហភាពដែលត្រូវការ»។
ប្រទេសជប៉ុនបានទទួលវ៉ាក់សាំង Pfizer ចំនួន ៤០០ ០០០ ដូស កាលពីថ្ងៃសុក្រ ហើយក្រសួងសុខាភិបាលបានកំណត់ជាផ្លូវការ នូវថ្ងៃនៃការប្រើប្រាស់របស់ខ្លួនបន្ទាប់ពីគណៈកម្មាធិការសុខភាព របស់រដ្ឋាភិបាលបានអនុម័ត។
ក្រុមជំនាញផ្នែកសុខភាពបានអនុម័តវ៉ាក់សាំង Pfizer សម្រាប់មនុស្សទាំងអស់ ដែលមានអាយុលើសពី ១៦ ឆ្នាំ។ ការចាក់វ៉ាក់សាំងនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃពុធ ហើយបុគ្គលិកសុខាភិបាលចំនួន ២០ ០០០ នាក់ដែលបានយល់ព្រម ចូលរួមក្នុងការសិក្សាដើម្បីតាមដានផលប៉ះពាល់ណាមួយ ដែលអាចនឹងកើតមានមុនគេ។
សូមជម្រាបថា ការរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័របានវាយប្រហារភាគឦសាន ប្រទេសជប៉ុនកាលពីល្ងាចថ្ងៃសៅរ៍។ គ្រោះមហន្តរាយធម្មជាតិនេះបានបណ្តាលឱ្យមានអ្នករងរបួសជាង ១០០ នាក់ ដែលភាគច្រើននៅតំបន់ Fukushima និង Miyagi ខណៈដែលជិតមួយលានគ្រួសារ គ្មានអគ្គិសនីប្រើប្រាស់។ ការដាច់ភ្លើងភាគច្រើនត្រូវបានដោះស្រាយ នៅព្រឹកថ្ងៃអាទិត្យ៕ប្រែសម្រួលៈ ណៃ តុលា