តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន ៣០នាក់បានរងរបួស បន្ទាប់ពីមានគ្រោះរញ្ជួយដីមួយកម្រិត ៧,៣រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត ហ្វុយកូស៊ីម៉ា ដែលស្ថិតនៅភាគឦសាននៃប្រទេសជប៉ុន កាលពីយប់ថ្ងៃសៅរ៍ ។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីដំបូង ត្រូវបានគេវាយតម្លៃថា មានកម្រិត៧,១រ៉ិចទ័រ និងក្រោយមកបានកែសម្រួលរហូតដល់ ៧,៣រ៉ិចទ័រ ។
ក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់ពលរដ្ឋចំនួន ៣០នាក់ បានរងរបួស នៅក្នុងខេត្ត Miyagi និងខេត្ត Fukushima ។
ការរញ្ជួយដីនេះបានកើតឡើង នៅម៉ោងប្រមាណ ១១និង០៨នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ១៤និង០៨នាទីម៉ោងសកល ដែលចំណុចកណ្តាលនៃ គ្រោះរញ្ជួយមានរយៈទទឹង ៣៧.៧ដឺក្រេ ស្ថិតនៅប៉ែកខាងជើង និងរង្វាស់ ១៤១.៨ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ ៦០គីឡូម៉ែត្រ ។ ទីភ្នាក់ងារ JMA បានឲ្យដឹងដូច្នេះ ។
រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណណាមួយ បញ្ជាក់ពីរលកយក្សស៊ូណាមិ នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា