រ៉ង់ហ្គូន៖ មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឲ្យដឹងថា លោកស្រីស៊ូជី ដែលត្រូវបានបណ្តេញអំណាចនៅមីយ៉ាន់ម៉ា នឹងត្រូវបញ្ជូនទៅឃុំខ្លួនរហូតដល់ថ្ងៃពុធ ទី១៧ ខែកុម្ភៈ សម្រាប់សវនាការនៅតុលាការ ហើយនឹងមិនបង្ហាញខ្លួននៅថ្ងៃច័ន្ទ ដូចការរំពឹងទុកនោះទេ។
មេធាវីលោក Khin Maung Zaw បានប្រាប់អ្នកយកព័ត៌មានថា “យើងមកទីនេះដើម្បីបញ្ជូន លិខិតរបស់មេធាវីយើង និងពិភាក្សាជាមួយចៅក្រម យោងតាមការលើកឡើង របស់លោកបានឲ្យដឹងថា ការឃុំខ្លួន គឺរហូតដល់ថ្ងៃទី១៧ មិនមែនត្រឹមថ្ងៃនេះទេ” ។
ជាមួយគ្នានេះដែរ កម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារ ដើម្បីបំបែកក្រុមអ្នកតវ៉ា នៅឯរោងចក្រថាមពលមួយ កាលពីថ្ងៃអាទិត្យ និងរថពាសដែកបានរំកិលចូលទីក្រុងធំ ៗ ខណៈមេដឹកនាំយោធាថ្មី ប្រឈមមុខនឹងថ្ងៃទី៩ នៃបាតុកម្មប្រឆាំងរដ្ឋប្រហារ។
ក៏ដូចជាការធ្វើបាតុកម្ម ទ្រង់ទ្រាយធំនៅទូទាំងប្រទេស មេដឹកនាំយោធា កំពុងប្រឈមមុខនឹងកូដកម្ម របស់កម្មកររដ្ឋាភិបាល ដែលជាផ្នែកមួយនៃចលនាមិនគោរពស៊ីវិល ប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិល ដឹកនាំដោយលោកស្រីអ៊ុងសាន ស៊ូជី។
ទាហានត្រូវបានគេដាក់ពង្រាយ នៅរោងចក្រថាមពលនៅរដ្ឋកាឈិន ភាគខាងជើងប្រទេស ដែលនាំឱ្យមានការប្រឈមមុខជាមួយបាតុករដែលអ្នកខ្លះបាននិយាយថា ពួកគេជឿថា កងទ័ពមានបំណងផ្តាច់ចរន្តអគ្គិសនី។
កម្លាំងសន្តិសុខបានបណ្តេញ ក្រុមបាតុករនៅខាងក្រៅរោងចក្រមួយ ក្នុងទីក្រុងMyitkyina របស់រដ្ឋកាជីន។ ការផ្សាយផ្ទាល់តាមបណ្តាញ សង្គមហ្វេសប៊ុកបានបង្ហាញថា ទោះបីជាវាមិនច្បាស់ថាតើ ពួកគេកំពុងប្រើគ្រាប់កាំភ្លើងជ័រ ឬបាញ់គ្រាប់ពិតក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹង នៅក្នុងទំព័រហ្វេសប៊ុកថា អ្នកកាសែតពីរនាក់មកពីសារព័ត៌មានចំនួន ៧៤ ដែលកំពុងផ្សាយផ្ទាល់ពីកន្លែងប្រឈមមុខ ដាក់គ្នាត្រូវបានចាប់ខ្លួន រួមជាមួយអ្នកកាសែត ៣ នាក់ផ្សេងទៀត៕
ដោយ ឈូក បូរ៉ា