ព័ត៌មានអន្តរជាតិ

ក្រុមតវ៉ាប្រឆាំងមីយ៉ាន់ម៉ា អាចនឹងប្រឈមមុខ នឹងទោសដល់ទៅ២០ឆ្នាំ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ពលរដ្ឋមីយ៉ាន់ម៉ា ដែលចូលរួមក្នុងការតវ៉ា ប្រឆាំងទៅនឹងរដ្ឋប្រហារ នាពេលកន្លងមកនោះ កំពុងទទួលបានការគម្រាមកំហែងថ្មីមួយទៀត គឺអាចប្រឈមមុខ ទៅនឹងគោលការណ៍ច្បាប់ថ្មី ជាប់គុករយៈពេល
២០ឆ្នាំ ប្រសិនបើពួកគេ នឹងរារាំងកងកម្លាំងយោធា។

ក្រុមយោធានិយាយថា ការដាក់ទោសរយៈពេលវែង និងការបង់ប្រាក់ពិន័យ គឺត្រូវអនុវត្តផងដែរ ប្រសិនបើពួកគេ ត្រូវបានគេរកឃើញថា បានព្យាយាមក្នុងការប្រឆាំង និងបង្ហាញភាពស្អប់ មាក់ងាយដល់មេយោធាបច្ចុប្បន្ន ខណៈដែលបច្ចុប្បន្នមនុស្សរាប់ពាន់នាក់ កំពុងបន្តការតវ៉ា
ប្រឆាំងនៅឡើយក្តី។

គួរឲ្យដឹងដែរថា ការតវ៉ាប្រឆាំងបានធ្វើឡើង ដើម្បីអាចទាមទារ ឲ្យមានការដោះលែង លោកស្រី Aung San Suu Kyi ព្រមទាំងមេដឹកនាំរដ្ឋាភិបាល មុនជាច្រើនរូបទៀតផងដែរ។

នៅព្រឹកថ្ងៃចន្ទនេះដែរ មេធាវីរបស់លោកស្រី Suu Kyi បាននិយាយថា លោកស្រីនឹងត្រូវបន្តឃាត់ខ្លួន រយៈពេល២ថ្ងៃទៀត ហើយបន្តមកគាត់ នឹងត្រូវឡើងតុលាការនៅរដ្ឋធានី Nay Pyi Taw នាថ្ងៃពុធសប្តាហ៍នេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top