Covid-19

ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដ១៩ជិត ២,៥ម៉ឺននាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២៤.៧៥៩ នាក់ និងមានអ្នកស្លាប់៧១៣នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសបានកើនឡើងដល់៩.៨៣៤.៥១៣នាក់ និងអ្នកស្លាប់ចំនួន២៣៩.២៤៥នាក់ ។

រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋ រស់នៅច្រើនជាងគេបំផុតរបស់ប្រទេស ហើយជារដ្ឋ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងឺឆ្លងរាតត្បាត ដែលមានអ្នកឆ្លងជំងឺចំនួន១.៩១៣.៥៩៨នាក់ និងមានអ្នកស្លាប់ចំនួន៥៦.២៦៦នាក់ ។

ប្រទេសប្រេស៊ីល បានជាប់លំដាប់លេខ២លើពិភពលោក ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។

ពលរដ្ឋជាង៥លាននាក់ នៅក្នុងប្រទេសប្រេស៊ីល បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកដំបូង ទន្ទឹមនឹងនេះដែរ ជាង១៩០.០០០នាក់ បានទទួលការចាក់កម្រិតទី២ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top