ព័ត៌មានអន្តរជាតិ

បាតុកម្មបន្ដផ្ទុះឡើងខ្លាំង ក្រោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ផ្ដាច់អ៊ីនធឺណិត និងដាក់ពង្រាយកងកម្លាំង

រ៉ង់ហ្គូន៖ យោធាមីយ៉ាន់ម៉ា បានពង្រាយកងទ័ពបន្ថែមនៅទូទាំងប្រទេស និងបានផ្ដាច់អ៊ីនធឺណិតនៅយប់ទី២ ខណៈដែលខ្លួនបានបង្កើនការបង្ក្រាប លើការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ប៉ុន្តែក្រុមបាតុករ បានបន្ដដើរក្បួនបាតុកម្មកាន់តែធំឡើង។

យោធាបានបង្កើនកិច្ចប្រឹងប្រែងជាបណ្តើរៗ ដើម្បីលុបបំបាត់ការបះបោរប្រឆាំងនឹង ការដណ្តើមអំណាចរបស់ពួកគេ កាលពីពីរសប្តាហ៍មុន ដែលត្រូវបានឃើញថា មេដឹកនាំស៊ីវិលលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនរួមជាមួយ មនុស្សរាប់រយនាក់ផ្សេងទៀត រួមទាំងសមាជិកនៃរដ្ឋាភិបាល ដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។

មេធាវីរបស់លោកស្រីបានលើកឡើងថា លោកស្រីអ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក Win Myint ត្រូវបានតុលាការសាកសួរតាមរយៈការធ្វើសន្និសិទខ្សែវីដេអូ នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ នាសប្តាហ៍នេះ។ លោកបានបន្ថែមថា លោកមិនអាចទាក់ទង ជាមួយកូនក្តីបាននោះទេ។

អ្នកទាំងពីរមិនត្រូវបានគេឃើញ ជាសាធារណៈនោះទេចាប់តាំងពីពួកគេ ត្រូវបានឃុំខ្លួននៅក្នុងការ វាយឆ្មក់មួយនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ដែលជាថ្ងៃនៃរដ្ឋប្រហារ។

យោធា បានធ្វើការបិទអ៊ិនធឺណិត រយៈពេលជាច្រើនម៉ោងនៅព្រឹកថ្ងៃច័ន្ទ និងបានដាក់ពង្រាយវត្តមានរបស់យោធា នៅទូទាំងប្រទេសពេញមួយយប់រួម មានរថពាសដែកនៅទីក្រុងរ៉ង់ហ្គូន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាទីក្រុងធំបំផុតរបស់ប្រទេសនេះ។

យោងតាមក្រុមឃ្លាំមើល ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស NetBlocks បានឱ្យដឹងថា នៅថ្ងៃអង្គារនេះការដាច់ភ្លើង និងអ៊ីនធឺណិតមួយទៀតបានធ្វើឱ្យមីយ៉ាន់ម៉ា ដោយធ្លាក់ចុះក្នុងកម្រិត ១៥ ភាគរយនៃកម្រិតធម្មតា ដែលអាចប្រើប្រាស់បាន ៕

ដោយ ឈូក បូរ៉ា

To Top