Covid-19

WHO អនុម័តឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំង កូវីដ-១៩ AstraZeneca-Oxford និងមានតម្លៃទាបសម្រាប់ ប្រទេសកំពុងអភិវឌ្ឍ

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក បានចុះបញ្ជីវ៉ាក់សាំងកូវីដ-១៩ AstraZeneca-Oxford របស់សាកលវិទ្យាល័យ Oxford សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ដោយពង្រីកលទ្ធភាពទទួលបានការចាក់ថ្នាំ ដែលមានតំលៃថោក នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានថា “ឥឡូវនេះយើងមានចំណែកទាំងអស់ សម្រាប់ការចែកចាយវ៉ាក់សាំងយ៉ាងឆាប់រហ័ស ប៉ុន្តែយើងនៅតែត្រូវការបង្កើនផលិតកម្ម” ។

លោកបានលើកឡើងថា“ យើងបន្តអំពាវនាវដល់អ្នក អភិវឌ្ឍន៍វ៉ាក់សាំងកូវីដ-១៩ បញ្ជូនឯកសាររបស់ពួកគេ ទៅអង្គការសុខភាពពិភពលោក ដើម្បីពិនិត្យឡើងវិញក្នុងពេលតែមួយ នៅពេលពួកគេបញ្ជូនទៅ និយតករនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលខ្ពស់” ។

សេចក្តីថ្លែងការណ៍របស់ អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ខ្លួនបានអនុម័តវ៉ាក់សាំង ដែលត្រូវបានផលិតដោយក្រុមហ៊ុន AstraZeneca-SKBio (សាធារណរដ្ឋកូរ៉េ) និងវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា។

ក្រុមហ៊ុនផលិតថ្នាំអង់គ្លេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ដែលប្រកាសពីការអនុម័តនេះថា“ ក្នុងឆមាសទីមួយនៃឆ្នាំ២០២១ គេសង្ឃឹមថា វ៉ាក់សាំងជាង ៣០០ លានដូស នឹងអាចរកបាន សម្រាប់ប្រទេសចំនួន ១៤៥ តាមរយៈ COVAX។

ការចុះបញ្ជីដោយទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពី ក្រុមប្រឹក្សាភិបាលរបស់ អង្គការសុខភាពពិភពលោក បានផ្តល់នូវអនុសាសន៍បណ្តោះអាសន្ន ស្តីពីវ៉ាក់សាំងនេះដោយថា ដូសពីរដងដែលមានចន្លោះពេលប្រហែល ៨ ទៅ ១២ សប្តាហ៍ គួរតែត្រូវបានផ្តល់ដល់មនុស្សពេញវ័យទាំងអស់ ហើយអាចត្រូវបានប្រើនៅក្នុងប្រទេស ដែលមានការឆ្លងវីរុសទម្រង់នៅអាហ្វ្រិកខាងត្បូង ៕

ដោយ ឈូក បូរ៉ា

To Top