ព័ត៌មានអន្តរជាតិ

ជប៉ុន តវ៉ាចំពោះវត្តមាននាវាចិន នៅក្បែរប្រជុំកោះសែនកាគូ

បរទេស៖ នាវាការពារតំបន់ឆ្នេររបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានធ្វើដំណើរចូលទៅក្នុងដែនទឹក ដែលជប៉ុនអះអាងកម្មសិទ្ធិ នៅក្បែរក្រុមកោះមានជម្លោះ សែនកាគូ បង្កឲ្យមានការរិះគន់ពីប្រទេសជប៉ុន។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា នាវាពីរគ្រឿងរបស់កងកម្លាំង ការពារតំបន់ឆ្នេររបស់ប្រទេសចិន បានធ្វើដំណើរចូលទៅក្នុងតំបន់មួយ ដែលស្ថិតនៅក្បែរកោះ Minami-kojima ជាផ្នែកមួយនៃប្រជុំកោះសែនកាគូ នៅម៉ោងប្រហែល ១និង៣០នាទីរសៀលថ្ងៃចន្ទ។

សេចក្តីរាយការណ៍ស្តីពី នាវាចិនទាំងពីរគ្រឿងនោះ គឺត្រូវបានធ្វើឡើងក្រោយ រយៈពេលពីរសប្ដាហ៍ បន្ទាប់ពីប្រទេសចិនបានអនុម័ត ប្រើប្រាស់អាវុធប្រឆាំងនាវាបរទេសនានា ដែលរំលោភបំពានលើ អធិបតេយ្យភាពរបស់ចិន និងយុត្តាធិការនៅដែនសមុទ្រ។

គួរបញ្ជាក់ថា ប្រទេសចិននិងប្រទេសជប៉ុន ទាំងពីរបានអះអាងកម្មសិទ្ធិលើប្រជុំកោះនោះ និងបានប៉ះទង្គិចគ្នាជុំវិញ ការអះអាងកម្មសិទ្ធិទឹកដី នៅដែនសមុទ្រចិនខាងកើតនោះ ហើយជម្លោះបានកើនឡើងខ្លាំង ក្រោយរដ្ឋាភិបាលជប៉ុន បានទិញកោះពីម្ចាស់ឯកជនមួយរូប នៅក្នុងឆ្នាំ២០១២ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top