ព័ត៌មានអន្តរជាតិ

ចិន កំពុងពិចារណារឹតបន្តឹង ការនាំចេញវត្ថុកម្រនៅលើផែនដី ទៅលើគោលដៅឧស្សាហកម្ម ការពារជាតិរបស់អាមេរិក

បរទេស៖ ក្រសួងការពារជាតិអាមេរិក បានព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើរ៉ែកម្រនៅលើផែនដីរបស់ចិន ចាប់តាំងពីឆ្នាំ ២០១៩ ចំពេលមានភាពតានតឹង រវាងប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការផ្សាយ របស់កាសែត The Financial Times ថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងពិចារណាលើការដាក់កម្រិត លើរ៉ែកម្រនៅលើផែនដី ដែលមានសារសំខាន់ សម្រាប់ក្រុមហ៊ុនផលិតសម្ភារៈការពារជាតិ របស់សហរដ្ឋអាមេរិក។

ដោយដកស្រង់សំដីទីប្រឹក្សារដ្ឋាភិបាលចិន សុំមិនបញ្ចេញអត្តសញ្ញាណ បាននិយាយថា « រដ្ឋាភិបាលចង់ដឹង ថាតើសហរដ្ឋអាមេរិក អាចនឹងមានបញ្ហា ក្នុងការផលិតយន្ដហោះចម្បាំង F-35 ទេ ប្រសិនបើចិនដាក់បំរាមនាំចេញ»។

ធាតុនៅលើផែនដីដ៏កម្រដូចជា yttrium, dysprosium, samarium និង neodymium មានសារសំខាន់ណាស់ សម្រាប់ឧស្សាហកម្មការពារជាតិទំនើប របស់សហរដ្ឋអាមេរិក។ សារធាតុទាំងនេះ ត្រូវបានប្រើនៅក្នុងការសិក្សា ពីកាំរស្មីពន្លឺនិងគំហើញ ប្រព័ន្ធណែនាំមីស៊ីល និងប្រព័ន្ធត្រួតពិនិត្យមីស៊ីល ទំនាក់ទំនងផ្កាយរណប និងកម្មវិធីបច្ចេកវិទ្យាខ្ពស់ផ្សេងទៀត។

យោងតាម ក្រសួងការពារជាតិសហរដ្ឋអាមេរិក គឺរាល់យន្តហោះចម្បាំងបំបាំងកាយពហុតួនាទី ប្រភេទ F-35 ជំនាន់ទី ៥ តម្រូវឱ្យមាន ៩២០ ផោន (ប្រហែល ៤១៧ គីឡូក្រាម) នៃវត្ថុធាតុដើមដែលជាធាតុកម្រ នៅលើផែនដីសម្រាប់ផលិត ខណៈដែលនាវាពិឃាត DDG-51 Arleigh Burke-class និង នាវាមុជទឹក SSN-774 Virginia-class ត្រូវការ ៥.២០០ ផោន (២.៣៥៨ គីឡូក្រាម) និង ៩.២០០ ផោន (៤.១៧៣ គីឡូក្រាម) រៀងៗខ្លួន៕ ប្រែសម្រួលៈ ណៃ តុលា

To Top