Covid-19

ជប៉ុនចាប់ផ្តើមដំណើរការ ចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ស្របពេលករណីឆ្លងកើនឡើង

បរទេស៖ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech ដោយចាក់ជូនដល់បុគ្គលិកមន្ទីរពេទ្យ នៅក្នុងទីក្រុងតូក្យូ ស្របពេលដែលករណីឆ្លង បន្តកើនឡើងខ្លាំងនៅក្នុងប្រទេស។

យោងតាមទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃពុធបានឲ្យដឹងថា បុគ្គលិកសុខាភិបាល កំពុងក្លាយជាអាទិភាព នៅក្នុងប្រទេសជប៉ុន ជាទីដែលការប្រកាសភាពអាសន្ន នៅតែអនុវត្តជាធរមាន រហូតដល់ខែមីនា ហើយប្រជាជនជាង៧.២០០នាក់ បានស្លាប់បាត់បង់ជីវិត ចាប់តាំងពីចាប់ផ្តើម នៃការរាតត្បាតជម្ងឺកូវីដ១៩មក។

ប្រទេសជប៉ុន នាពេលថ្មីៗនេះ បានរាយការណ៍ អំពីករណីឆ្លងចំនួន៤២១.២០៩ ហើយនៅថ្ងៃពុធមានករណីថ្មី ចំនួន១.៤៤៥ករណី ហើយថ្នាំវ៉ាក់សាំង No. 1 របស់ជប៉ុន ត្រូវបានបានផ្តល់ជូន ដល់ប្រធានមជ្ឈមណ្ឌលឱសថតូក្យូ លោក Kazuhiro Araki ដែលបានស្ម័គ្រចិត្ត ចាក់ថ្នាំវ៉ាក់សាំងមុនគេនៅក្នុងប្រទេស។

គួរបញ្ជាក់ថា ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងផ្តល់ការចាក់ថ្នាំវ៉ាក់សំាង ឲ្យដល់ប្រជាជនរាប់លាននាក់ ហើយបុគ្គលិកមន្ទីរពេទ្យប្រហែល ៣,៧លាននាក់ នឹងត្រូវទទួលបានថ្នាំវ៉ាក់សាំង ដោយចាប់ផ្តើមពីពាក់កណ្ដាលខែមីនា៕ ប្រែសម្រួល៖ប៉ាង កុង

To Top