យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា លោកចង់បានការចូលរួមចំណែក ដែលបានកំណត់ដោយជាតិ (NDC) ពីទីក្រុងវ៉ាស៊ីនតោន និងការចូលរួមយ៉ាងរឹងមាំ របស់សហរដ្ឋអាមេរិក ក្នុងការចរចាអន្តរជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។
ប្រមុខអង្គការសហប្រជាជាតិ នឹងជួបជាមួយលោក John Kerry ប្រេសិតអាកាសធាតុ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រ ដើម្បីតាមដានសហរដ្ឋអាមេរិក វិលត្រឡប់ទៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។
លោក Guterres បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ការប្រកាសរបស់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺពិតជាសំខាន់ណាស់។ លោកថាលើសពីនេះ វិធានការណ៍មួយចំនួន ត្រូវបានអនុវត្តដោយរដ្ឋបាលសហរដ្ឋអាមេរិក ក្នុងទិដ្ឋភាពផ្សេងៗគ្នា ទាក់ទងនឹងថាមពល និងបញ្ហាទាក់ទងនឹងអាកាសធាតុដទៃទៀត។
លោក Guterres ក៏បានស្វាគមន៍ ចំពោះការប្រកាសដែលថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមការគាំទ្រ ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុផងដែរ។
លោក Guterres បានឲ្យដឹងថា ឆ្នាំ ២០២១មានការចូលរួមជាមូលដ្ឋានចំនួនពីរពីសហរដ្ឋអាមេរិក៖ ទីមួយគឺការបង្ហាញ ពីការចូលរួមចំណែក ដែលបានកំណត់ដោយជាតិ ហើយទី ២ គឺការចូលរួមយ៉ាងខ្លាំង របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចរចាអន្តរជាតិ ដែលចាំបាច់សម្រាប់ជោគជ័យនៃសន្និសីទ ស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ ។
លោកបានបន្ដឲ្យដឹងទៀតថា“ យើងត្រូវតែបង្កើតសម្ព័ន្ធភាពសកល សម្រាប់ការបញ្ចេញចោលសុទ្ធ (ការបំភាយឧស្ម័ន) យើងត្រូវតែធានា ដល់ប្រទេសកំពុងអភិវឌ្ឍន៍ថា ការសន្យា ដែលបានធ្វើនៅក្នុងទីក្រុងប៉ារីស នឹងត្រូវបានបំពេញ”។
លោកបានលើកឡើងថា ក្នុងគ្រប់ទិដ្ឋភាពទាំងអស់នេះ សហរដ្ឋអាមេរិកជាប្រទេស មានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក អាចដើរតួយ៉ាងសំខាន់ ហើយសមត្ថភាពបច្ចេកវិទ្យា របស់សហរដ្ឋអាមេរិក នឹងមានសារៈសំខាន់ណាស់ ហើយនឹងផ្លាស់ប្តូរលទ្ធភាព នៃការចរចា ដោយជោគជ័យ សម្រាប់សន្និសីទនៅទីក្រុង Glasgow៕ ដោយ៖ ឈូក បូរ៉ា