ព័ត៌មានអន្តរជាតិ

នៅថ្ងៃទី១៩កុម្ភៈ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩មា្នក់ទៀត ជាវេជ្ជបណ្ឌិត និង រកឃើញអ្នកឆ្លងវីរុស ១៣០នាក់បន្ថែមទៀត

បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃសុក្របានបញ្ជាក់ថា វេជ្ជបណ្ឌិតម្នាក់ដែលបានព្យាបាល អ្នកជំងឺដែលឆ្លងមេរោគជំងឺកូវីដ១៩ បានឆ្លងមេរោគនេះ ហើយបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារវីរុស កាចសាហាវនេះកើនដល់ ៨៣ នាក់ នៅប្រទេសថៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការអ្នកនាំពាក្យរបស់រដ្ឋបាលគ្រប់គ្រង ស្ថានការណ៍ជំងឺកូវីដ១៩ លោក Apisamai Srirangson បាននិយាយថា ចំនួនសរុបនៃការឆ្លងចាប់តាំងពីការរាតត្បាត នៅក្នុងប្រទេសបានកើនឡើងដល់ ២៥ ២៤១ នាក់។

ករណីឆ្លងថ្មីចំនួន ១៣០ ករណីដែលត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងមុន រួមមាន ១១៦ ករណី ជាអ្នកឆ្លងក្នុងស្រុក និង ១៤ ករណីនាំចូល។ មាន ៦១ ករណីត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យនិង ៥៥ កន្លែងនៅតាមសហគមន៍។

សូមជម្រាបថា ក្នុងចំណោមករណីឆ្លងជំងឺកូវីដ១៩សរុបនៅក្នុងប្រទេសថៃ មានចំនួន ២៥ ២៤១នាក់ ក្នុងនោះ ថៃបានព្យាបាលឱ្យជាសះស្បើយចំនួន ២៤ ០៧០ នាក់(៩៥.៣%) និង អ្នកជំងឺចំនួន ១ ០៨៨ នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្នុងនោះមាន ១៩ នាក់ ដែលមានសភាពធ្ងន់ធ្ងរ និងស្លាប់ ៨៣នាក់៕
ប្រែសម្រួលៈ ណៃ តុលា

To Top