ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ប្រាប់លោកខាងលិច ឲ្យកែប្រែគំនិតដាក់ ទណ្ឌកម្មពាក់ព័ន្ធលោក Navalny

បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ខ្លួនសង្ឃឹមថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប នឹងកែប្រែគំនិត និងការរឹងទទឹងស្នើឲ្យដាក់ទណ្ឌកម្មថ្មី លើទីក្រុងមូស្គូ ជុំវិញការចាប់ឃុំខ្លួនមេដឹកនាំ ប្រឆាំងក្នុងប្រទេសរុស្ស៊ី លោក Alexei Navalny។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងចេញបញ្ជីឈ្មោះក្រុមហ៊ុន ដែលខ្លួនជឿថា កំពុងតែជួយកសាងបំពុងទុយយោប្រេង Nord Stream 2 របស់រុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ ហើយការចេញបញ្ជីឈ្មោះនេះ អាចនឹងបង្កឲ្យមានទណ្ឌកម្មលើគម្រោង ដែលជិតរួចរាល់ទាំងស្រុងនោះ។

ចំណែកមន្ត្រីការទូតក៏បាននិយាយផងដែរថា សហភាពអឺរ៉ុប គ្រោងធ្វើការដាក់បម្រាមធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិលើ សម្ព័ន្ធមិត្តប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងខែមីនា ដើម្បីជាការឆ្លើយតបចំពោះ ការដាក់ពន្ធនាគារលោក Navalny នៅក្នុងខែនេះ។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់អ្នកសារព័ត៌មានមួយដូច្នេះថា “យើងនៅតែសង្ឃឹមថា ការយល់ឃើញរួមគ្នារបស់ អ្នកចូលរួមអន្តរការីរបស់យើង ចំពោះស្ថានភាព នឹងកើតមាន ហើយយើង នឹងមិនធ្លាក់ចូលថែមទៀត ក្នុងផ្លូវនៃសម្ពាធទណ្ឌកម្ម ដែលបានបង្ហាញម្តងហើយម្តងទៀត នូវភាពគ្មានប្រសិទ្ធភាពរបស់វា” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top