ញូវដេលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា ដំណើរការផ្តាច់ទំនាក់ទំនងរបស់កងទ័ពឥណ្ឌា និងចិន នៅក្នុងតំបន់ដ៏តានតឹងមួយនៃព្រំដែន ដែលមានជម្លោះរបស់ពួកគេត្រូវបានបញ្ចប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ប្រភពព័ត៌មានផ្លូវការបានឲ្យដឹង ដោយដកស្រង់ប្រភពផ្លូវការថា ភាគីទាំងពីរបានបញ្ចប់ការដកកងទ័ព និងផ្នែករឹងរបស់យោធា ពីភាគខាងជើងនិងខាងត្បូងនៃបឹង Pangong នៅភាគខាងកើតតំបន់ Ladakh។
របាយការណ៍ក៏បានលើកឡើងផងដែរថា មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពឥណ្ឌា និងចិន នឹងធ្វើកិច្ចចរចាកម្រិតខ្ពស់ថ្មី មួយនៅថ្ងៃសៅរ៍នេះ ដើម្បីឈានទៅរកដំណើរការផ្តាច់ទំនាក់ទំនង។
ការផ្តាច់ចេញមកបន្ទាប់ពីការ ប្រឈមមុខគ្នាអស់រយៈពេលជាច្រើនខែនៅបឹង Pangong។ ក្រសួងការពារជាតិចិន កាលពីសប្តាហ៍មុន បានឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នា ដោះស្រាយភាពតានតឹងផ្នែកយោធា នៅតាមព្រំដែនដែលមានជម្លោះទ្វេភាគី។
រដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោក Rajnath Singh បានប្រាប់សភាកាលពីសប្តាហ៍មុនថា ភាគីទាំងសងខាងនឹងបញ្ឈប់ការ ដាក់ពង្រាយទៅមុខរបស់ពួកគេ នៅក្នុងតំបន់បឹងនេះ ក្នុងលក្ខណៈ“ ដំណាក់កាលសម្របសម្រួល និងផ្ទៀងផ្ទាត់” ។
លោកបានបន្ថែមថា“ ទាំងនេះ គឺជាជំហានទៅវិញទៅមក ហើយរចនាសម្ព័ន្ធ ដែលត្រូវបានសាងសង់ដោយភាគីទាំងពីរចាប់តាំងពីខែមេសាឆ្នាំ ២០២០ ទាំងនៅតំបន់ភាគខាងជើង និងខាងត្បូង នឹងត្រូវរុះរើចេញហើយទម្រង់ដីធ្លី នឹងត្រូវបានស្តារឡើងវិញ”
ភាពតានតឹងបានចាប់ផ្តើម កើនឡើងនៅតំបន់ឡាដាក កាលពីខែឧសភា ឆ្នាំមុនដោយប្រទេសឥណ្ឌា និងចិន បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានឆ្លងកាត់បន្ទាត់នៃការគ្រប់គ្រង ជាក់ស្តែងដែលជាតំបន់ព្រំដែន រវាងភាគីទាំងពីរ ៕
ដោយ ឈូក បូរ៉ា