ព័ត៌មានអន្តរជាតិ

ប្រជាជននៅរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ជិត១៥លាននាក់ កំពុងរងការរំខាន ប្រព័ន្ធទឹក បណ្តាលមកពីអាកាសធាតុរដូវរងារខ្លាំង

បរទេស៖ អ្នកនាំពាក្យគណៈកម្មាធិការ គុណភាពបរិស្ថាននៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក លោក Tiffany Young បានប្រាប់សារព័ត៌មាន Sputnik ថា ប្រជាជនជិត ១៥ លាននាក់ ក្នុងរដ្ឋតិចសាស់ បច្ចុប្បន្នកំពុងប្រឈមនឹងការរំខានប្រព័ន្ធទឹកដែលបណ្តាលមកពីអាកាសធាតុរដូវរងារខ្លាំង ដែលបានហូរកាត់រដ្ឋនៅសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Young បាននិយាយថា «គិតត្រឹមម៉ោង ៤ រសៀលប្រព័ន្ធទឹកសាធារណៈជាង ១ ៣០០ បានរាយការណ៍អំពីការរំខានក្នុងសេវាកម្មដោយសារអាកាសធាតុ ដែលជះឥទ្ធិពលដល់ប្រជាជនជាង ១៤,៩ លាននាក់ »។

លោក Young បានបន្ថែមទៀតថា ១៥៩ ក្នុងចំណោម ២៥៤ ស្រុកក្នុងរដ្ឋតិចសាស់ បានរងផលប៉ះពាល់ដោយការរំខានប្រព័ន្ធទឹកដែលធ្វើឱ្យប៉ះពាល់ដល់សេវាកម្មសម្រាប់ប្រជាជនពាក់កណ្តាលនៃរដ្ឋតិចសាស់។

គិតត្រឹមរសៀលថ្ងៃសុក្រនេះផ្ទះជាង ១៣៨ ៨០០ ខ្នងនៅរដ្ឋតិចសាស់គ្មានអគ្គិសនីប្រើប្រាស់ ដោយសារអាកាសធាតុត្រជាក់ខ្លាំង។ កាលពីដើមសប្តាហ៍នេះព្យុះរដូវរងារបានបណ្តាលឱ្យផ្ទះជាង ៤ លានខ្នងគ្មានថាមពល ដោយសារតែការរំខានទៅលើឧស្ម័នធម្មជាតិនិងម៉ាស៊ីនភ្លើងធ្យូងថ្ម និងរោងចក្រថាមពលនុយក្លេអ៊ែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top