ហាណូយ៖ អគ្គលេខាបក្ស និងជាប្រធានាធិបតី វៀតណាម លោកង្វៀន ភូទ្រុង ក្នុងពេលជួបជាមួយ រដ្ឋមន្រ្តីក្រសួងសន្តិសុខ សាធារណៈចិន លោក ហ្សូកៃហ្សី នៅទីក្រុង ហាណូយ បាននិយាយថា បក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាលវៀតណាម និងប្រជាជន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការជំរុញទំនាក់ទំនង មិត្តភាពជាមួយបក្សចិន រដ្ឋនិងប្រជាជនចិន។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ង្វៀន ភូទ្រុងថា វៀតណាមមានឆន្ទៈ ធ្វើការជាមួយចិន ដើម្បីរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ គ្រប់គ្រងការខ្វែងគំនិតគ្នា ជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងលើកកម្ពស់ស្ថិរភាព ក្នុងទំនាក់ទំនងទ្វេភាគី។
ចំណែករដ្ឋមន្រ្តី ក្រសួងសន្តិសុខសាធារណៈចិនវិញ គឺបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងការការពារនិងគ្រប់គ្រង ជំងឺកូវីដ១៩ នាពេលថ្មីៗនេះ។
លោកបានបង្ហាញជំនឿថា ប្រជាជនវៀតណាម ក្រោមការដឹកនាំ របស់បក្សកុម្មុយនិស្តវៀតណាម នឹងបន្តទទួលបានសមិទ្ធិផល កាន់តែច្រើនថែមទៀត ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាអនុវត្ត ប្រកបដោយជោគជ័យ នូវគោលដៅដែលបានកំណត់ នៅក្នុងសមាជជាតិលើកទី ១៣ ៕
ប្រែសម្រួលៈ ណៃ តុលា