បរទេស៖ ដោយបង្ហាញពីបំណងអ៊ីរ៉ង់ ចង់បញ្ចប់ស្ថានភាពផ្លូវទាល់ ទន្ទឹងនឹងការមិនផ្តល់គោលជំហរថ្មីនោះ នៅថ្ងៃសៅរ៍នេះ មន្ត្រីនាំពាក្យរដ្ឋាភិបាលមួយរូបបាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់ជឿជាក់ថា ទណ្ឌកម្មសហរដ្ឋអាមេរិក នឹងត្រូវបានដកចេញឆាប់ៗនេះ បើទោះជានៅបន្តមានវិវាទជុំវិញការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែក៏ដោយ។
គួរបញ្ជាក់ថា ទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន បានខ្វែងគំនិតគ្នាជុំវិញអ្នកណាគួរតែបោះជំហានដំបូង ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀង។ អ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិក ត្រូវតែដកទណ្ឌកម្មរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមុន ស្របពេលដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ទីក្រុងតេអេរ៉ង់ត្រូវតែវិលមក អនុវត្តតាមកិច្ចព្រមព្រៀងជាមុន។
សេតវិមានបាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិកគ្រោងមិនចាត់វិធានការបន្ថែមទៀត ក្នុងការឆ្លើយតបចំពោះសម្ពាធពីប្រទេសអ៊ីរ៉ង់ នៅមុនពេលមានការពិភាក្សាគ្នាជាមួយទីក្រុងតេអេរ៉ង់និងមហាអំណាចធំៗ ស្តីពីការវិលទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែនោះទេ។
ប៉ុន្តែមន្ត្រីនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោក Ali Rabiei បាននិយាយដូច្នេះថា “យើងព្យាករជាមួយការជឿជាក់ថា ការផ្តួចផ្តើមកិច្ចការការទូត នឹងបណ្ដាលឲ្យមានលទ្ធផលជាទីគាប់ចិត្ត បើទោះជាមានវិវាទការទូត ដែលជារឿងមកមុនការវិលត្រឡប់របស់ភាគីទាំងអស់ ទៅរកការប្តេជ្ញារបស់ខ្លួន ដែលរួមបញ្ចូលទាំងការដកទណ្ឌកម្មទាំងអស់ នៅក្នុងពេលអនាគតខាងមុខដ៏ខ្លីផងដែរ”៕
ប្រែសម្រួល៖ប៉ាង កុង