ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាមេរិកស្នើឲ្យកាត់ បន្ថយភ្លាមនូវអំពើ ហិង្សានៅ អាហ្វហ្គានីស្ថាន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ត្រូវតែមានការកាត់បន្ថយភ្លាម នូវអំពើហិង្សាក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមិនផ្តល់ពាក្យព្រលយណាមួយ ស្តីពីថាតើសហរដ្ឋអាមេរិកនឹងដកកងទ័ពចេញ តាមកាលកំណត់ក្នុងខែឧសភាដែរឬទេ។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោក Austin បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ខ្ញុំជំរុញឲ្យភាគីទាំងអស់ជ្រើសរើសផ្លូវឆ្ពោះទៅរកសន្តិភាព ហើយក្នុងពេលបច្ចុប្បន្ននេះ ត្រូវតែកាត់បន្ថយអំពើហិង្សា”។ 

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន កំពុងតែធ្វើការពិចារណាឡើងវិញ នូវកិច្ចព្រមព្រៀងខែកុម្ភៈឆ្នាំ២០២០ ជាមួយពួកតាលីបង់ ដែលគេរំពឹងថា នឹងកំណត់ថា តើវានឹងបំពេញតាមកាលកំណត់ ដកកងទ័ពអាមេរិក២.៥០០នាក់ ចេញពីសង្គ្រាមដ៏វែងបំផុតរបស់អាមេរិកដែរឬទេ។ 

ចំណែកលោក Lloyd Austin  បានមានប្រសាសន៍បន្ថែមទៀតដូច្នេះថា “មិនថាការពិចារណាជាថ្មីឡើងវិញរបស់យើងមានលទ្ធផលបែបណានោះទេ សហរដ្ឋអាមេរិក នឹងមិនដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ដោយប្រញាប់ប្រញាល់ ឬក៏ដោយគ្មានរបៀបនោះទេ”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top