ព័ត៌មានអន្តរជាតិ

ជប៉ុន អាចនឹងប៉ះទង្គិចគ្នា ខណៈឆ្មាំសមុទ្រចិន បន្ដរំលោភចូលដែនទឹកជប៉ុន ក្បែរប្រជុំកោះសេនកាគូ ម្ដងហើយម្ដងទៀត

ណាហា៖ ឆ្មាំសមុទ្រជប៉ុន បានឲ្យដឹងថា នាវាយាមល្បាតសមុទ្រចិនចំនួន ២ គ្រឿង បានចូលដែនទឹករបស់ជប៉ុន ម្តងហើយម្តងទៀត នៅជិតប្រជុំកោះសេនកាគូ កាលពីថ្ងៃអាទិត្យដោយបានជ្រៀតចូល ក្នុងដែនទឹកនៅជិតកោះតូចៗ ដែលទាមទារដោយចិន នៅថ្ងៃទីពីរជាប់ៗគ្នា។

នាវាទាំងនោះបានលុកលុយ ចូលក្នុងដែនទឹកក្បែរក្រុមប្រជុំកោះ ដែលគ្មានមនុស្សរស់នៅនៅសមុទ្រចិនខាងកើត នៅម៉ោងប្រហែល ៤ និង ៥០ នាទីព្រឹកមុនពេលចេញដំណើរចេញវិញនៅម៉ោង ១១ និង ៥ នាទី។ បន្ទាប់មកពួកគេចូលម្តងទៀតប្រហែលម៉ោង ១ និង ៤០ នាទី និងចាកចេញពីតំបន់នោះនៅពេលល្ងាច។

វាជាការឈ្លានពានលើកទី ៩ នៅឆ្នាំនេះ និងជាច្បាប់ចុងក្រោយចាប់តាំងពី ច្បាប់ថ្មីចូលជាធរមាននៅក្នុងប្រទេសចិន កាលពីដើមខែនេះ ដែលអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន ប្រើប្រាស់អាវុធប្រឆាំងនឹងនាវាបរទេស ដែលរដ្ឋាភិបាលក្រុងប៉េកាំង យល់ថារំលោភចូលក្នុងដែនទឹករបស់ខ្លួន ដោយខុសច្បាប់ ហើយប្រទេសជប៉ុន ក៏បានដាក់ការតវ៉ាជុំវិញការឈ្លានពាន ម្តងហើយម្តងទៀតនេះដែរ។

ឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងទៀតថា នាវាចិន បានធ្វើដំណើរទៅជិតទូក នេសាទជប៉ុនមួយគ្រឿង នៅតំបន់នោះ ដែលដឹកអ្នកដំណើរ ៣ នាក់ ប៉ុន្ដែមិនមានបង្ហាញសញ្ញាគំរាមកំហែង ឬក៏ប៉ះទង្គិចគ្នាអ្វីនោះ។

សេចក្តីរាយការណ៍ឲ្យដឹងថា នាវាល្បាតរបស់ជប៉ុនមួយគ្រឿង ត្រូវបានដាក់ពង្រាយក្បែរទូកនេសាទនោះ ដើម្បីធានាសុវត្ថិភាពរបស់ខ្លួន និងបានព្រមានដល់នាវាចិន ឱ្យចាកចេញពីទឹកដីជប៉ុនផងដែរ ៕

ដោយ ឈូក បូរ៉ា

To Top