ព័ត៌មានអន្តរជាតិ

១ខែដំបូងក្នុងតំណែង លោក ចូ បៃដិន បង្ហាញភាពតឹងតែង លើប្រទេសចិន នៅពេលដែលការត្រួតពិនិត្យ គោលនយោបាយនៅតែបន្ត

វ៉ាស៊ីនតោន៖ រយៈពេលមួយខែដំបូងនៃ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ភាគច្រើនផ្តោតលើការបង្វែរទំព័រ ស្តីពីគោលនយោបាយការបរទេស ឯកតោភាគីរបស់អាមេរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកកាន់តំនែងមុន និងរបៀបដឹកនាំដែល មិនអាចទាយទុកជាមុនបាន។

ប៉ុន្តែរដ្ឋបាលបៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងទទួលមរតកនូវខ្សែបន្ទាត់ ដ៏តឹងរឹងរបស់លោកមុនឆ្ពោះ ទៅរកប្រទេសចិន ស្របពេលដែលផែនការ គ្រោងនឹងចូលរួមជាមួយកូរ៉េខាងជើង នៅតែមិនទាន់ច្បាស់លាស់។

ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំសហរដ្ឋអាមេរិក Koji Tomita បានលើកឡើងថា “ចំណាប់អារម្មណ៍របស់ខ្ញុំ គឺថាយើងកំពុងមើលឃើញនិន្នាការនៃ ភាពតានតឹងបន្តប្រឆាំងនឹងប្រទេសចិន” ដោយប្រៀបធៀបជាមួយរដ្ឋបាលលោក ត្រាំ ដែលបានឃើញការកើនឡើងនៃ ការប្រឈមមុខគ្នាជាមួយប្រទេសចិន នៅតាមតំបន់ផ្សេងៗគ្នាហើយស្ទើរតែ គ្មានកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកប្រទេសចិន រហូតដល់ចុងបញ្ចប់នៃ តំណែងប្រធានាធិបតីរបស់លោក” ។

ឯកអគ្គរដ្ឋទូតបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធឺណិតថា អ្វីដែលខុសពីយុគសម័យលោក ត្រាំ គឺថារដ្ឋបាលរបស់លោក បៃដិន កំពុងស្វែងរកការធ្វើការពិគ្រោះយោបល់ ជាមួយសម្ព័ន្ធមិត្តនៅពេលដែលខ្លួន ចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន។

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ ដែលបានក្លាយជាសុន្ទរកថា លើកដំបូងរបស់លោកនៅចំពោះ មុខទស្សនិកជនទូទាំងពិភពលោក ចាប់តាំងពីបានចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា លោក បៃដិន បានប្រមូលផ្តុំបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប ដើម្បីត្រៀមរួមគ្នាសម្រាប់អ្វីដែលលោកចាត់ទុកថា ជាការប្រកួតប្រជែងយុទ្ធសាស្ត្ររយៈពេលវែង ជាមួយប្រទេសចិន និងតម្រូវការដើម្បីជំរុញឱ្យមានការប្រឆាំងនឹង “ការរំលោភបំពាន និងការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង” ។

លោកក៏បានផ្តល់សញ្ញាផងដែរ នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះជាមួយ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថាលោកនឹងមិនបញ្ឈប់ការការពារតម្លៃ របស់អាមេរិកដូចជាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើយ ហើយបានព្រមានក្នុងអំឡុងពេលព្រឹត្តិការណ៍ ផ្សាយតាមកញ្ចក់ទូរទស្សន៍នៃ“ ប្រតិកម្ម” ដែលអាចកើតមាន សម្រាប់ការបង្ក្រាបរបស់ប្រទេសចិន ដូចជាប្រឆាំងនឹងជនមូស្លីម ជនជាតិភាគតិចអ៊ុយហ្គួរ នៅក្នុងតំបន់ស៊ីនជាំងរបស់ខ្លួន។

នៅលើផ្នែកសន្តិសុខរដ្ឋបាលលោក បៃដិន បានសន្យានូវការប្តេជ្ញាចិត្តរឹងមាំរបស់ខ្លួន ចំពោះកោះតៃវ៉ាន់ដែលជា កោះប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ប្រឈមនឹងសម្ពាធពីទីក្រុងប៉េកាំង ហើយបានបញ្ជាក់ប្រាប់ជប៉ុនពីការប្ដេជ្ញាចិត្ដ ការពារសម្ព័ន្ធមិត្ដរបស់ខ្លួនផងដែរ៕

ដោយ ឈូក បូរ៉ា

To Top