បរទេស៖ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែអន្តរជាតិ បានប្រកាសថា ខ្លួនទើបបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ ជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីឲ្យមន្ត្រីត្រួតពិនិត្យចូលមក ពិនិត្យមើលសកម្មភាព នុយក្លេអ៊ែនៅក្នុងប្រទេស ដោយបង្កើតលក្ខខណ្ឌនានា ដើម្បីចាប់ផ្តើមជាថ្មី នូវកិច្ចចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែ រវាងសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។
លោក Rafael Mariano Grossi ជាអគ្គនាយកទីភ្នាក់ងារ សារថាមពលអាតូមិកអន្តរជាតិ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពួកគេទើបបានចុះកិច្ចព្រមព្រៀងបច្ចេកទេសមួយ ជាមួយមន្ត្រីអ៊ីរ៉ង់ ដើម្បីបន្តការបញ្ជាក់ពីនុយក្លេអ៊ែ និងឃ្លាំមើលសកម្មភាពនានា។
នៅក្នុងអំឡុងសន្និសីទកាសែត នៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិ Vienna ក្រោយវិលត្រឡប់មកពីប្រទេសអ៊ីរ៉ង់វិញ លោក Grossi បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “នេះគឺជាដំណោះស្រាយបណ្ដោះអាសន្ន ដែលអនុញ្ញាតឲ្យយើងបន្តផ្តល់ឲ្យពិភពលោក នូវការធានាចំពោះអ្វីដែល កំពុងតែកើតមាននៅទីនោះ ជាមួយក្តីសង្ឃឹមថា យើងអាចវិលត្រឡប់ទៅ រករូបភាពពេញលេញជាង”។
គួរបញ្ជាក់ថា ការប្រកាសអំពីកិច្ចព្រមព្រៀងនេះ និងដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានកើតមានក្រោយមួយសប្ដាហ៍ បន្ទាប់ពីទីក្រុងតេអេរ៉ង់ព្រមថា ខ្លួននឹងឈប់អនុវត្តតាមពិធីការ បន្ថែមរបស់ទីភ្នាក់ងារនោះ ៕
ប្រែសម្រួល៖ ប៉ាង កុង