បរទេស៖ សមាជិករដ្ឋសភាអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ទីក្រុងតេអេរ៉ង់ ដែលអនុញ្ញាតឲ្យមានការឃ្លាំមើល ចំាបាច់ធ្វើឡើងដោយអង្គភាព នុយក្លេអ៊ែអង្គការសហប្រជាជាតិ រហូតដល់ទៅរយៈពេល៣ខែ ដោយនិយាយថា ទង្វើបែបនេះ បានល្មើសនឹងច្បាប់ ដែលតម្រូវឲ្យបញ្ចប់ការត្រួតពិនិត្យនានា របស់ភ្នាក់ងារនោះ នៅក្នុងសប្ដាហ៍នេះ។
យោងទៅតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា លោក Mojtaba Zolnour ជាប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃរដ្ឋសភា បាននិយាយថា “រដ្ឋាភិបាលគ្មានសិទ្ធិធ្វើការសម្រេចចិត្ត និងធ្វើសកម្មភាពតាមអំពើចិត្តនោះទេ ហើយការរៀបចំនេះ គឺជាភាពអាម៉ាស់មួយចំពោះរដ្ឋសភា”។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានបំពានបណ្ដើរៗ នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក ចាប់តាំងពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនៅក្នុងឆ្នាំ២០១៨ និងបានធ្វើការដាក់ទណ្ឌកម្មជាថ្មីឡើងវិញ។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោកក្នុងឆ្នាំ២០១៥ គឺមានគោលបំណងទប់ស្កាត់អ៊ីរ៉ង់ មិនឲ្យធ្វើការផលិតអាវុធនុយក្លេអ៊ែ ដែលទីក្រុងតេអេរ៉ង់និយាយថា ខ្លួនមិនធ្លាប់ចង់ផលិតនោះទេ ៕
ប្រែសម្រួល៖ ប៉ាង កុង