ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ រដ្ឋបាលលោក បៃដិន គួរតែជួបពិភាក្សាជាមួយ កូរ៉េខាងជើងឲ្យបានលឿន

បរទេស៖ បើទោះជាមានបញ្ហានៅក្នុងស្រុកក៏ដោយ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន គួរតែផ្តួចផ្តើមគំនិតក្នុងការ ចាប់ផ្តើមឡើងវិញនូវកិច្ចការការទូត ជាមួយប្រទេសកូរ៉េខាងជើង ឲ្យបានឆាប់តាមដែលអាចទៅរួច នេះបើតាមសម្តីអ្នកវិភាគមួយរូប និយាយនៅថ្ងៃពុធនេះ។

លោក Suzanne DiMaggio ជាអ្នកវិភាគជាន់ខ្ពស់មួយរូប នៅក្រុមអ្នកវិភាគ Carnegie Endowment ផ្នែកសន្តិភាពអន្តរជាតិ បាននិយាយប្រាប់ថា “ខ្ញុំសូមអះអាងថា មានករណីដ៏ខ្លាំងក្លាមួយ ត្រូវធ្វើសម្រាប់ការចាប់ផ្តើមដំណើរការ ជាមួយកូរ៉េខាងជើងឲ្យបានលឿន។ ខ្ញុំគិតថា កាន់តែល្អនោះ គឺត្រូវផ្តួចផ្តើមគំនិត នៅមុនពេលកូរ៉េខាងជើង ធ្វើសកម្មភាពបង្កហេតុ”។

ចំណែកលោក Hwang Ji-hwan ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យសេអ៊ូល បាននិយាយថា រដ្ឋបាលលោក បៃដិន គួរតែច្រានចោលគោលជំហរសម័យលោក អូបាម៉ា ចំពោះកូរ៉េខាងជើង ជាវិធីសាស្ត្រមិនសូវទាក់ទាងជាមួយ ក្នុងលក្ខណៈអត់ធ្មត់បែបយុទ្ធសាស្ត្រ។

លោក Hwang Ji-hwan បានមានប្រសាសន៍បន្តទៀតដូច្នេះថា “ប្រទេសកូរ៉េខាងជើង មិនមែនជាការគម្រាមកំហែង ដាច់ដោយឡែកទៀតទេ ដូច្នេះកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ គួរតែជាអាទិភាពសន្តិសុខជាតិ ហើយភាពអត់ធ្មត់បែបយុទ្ធសាស្ត្រ នឹងគ្មានប្រយោជន៍ទេសម្រាប់លោក បៃដិន” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top