ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩មុនគេ ខណៈអ្នកឆ្លងជំងឺថ្មី មានជាង៣ពាន់នាក់

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមដំណើរការ នៃការចាក់វ៉ាក់សាំង កាលពីថ្ងៃពុធ ដែលលោកនាយករដ្ឋមន្ត្រី Muhyiddin Yassin បានទទួលការចាក់វ៉ាក់សាំងដំបូងគេ ។

លោក Muhyiddin បានទទួលការចាក់វ៉ាក់សាំង ដោយបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ នៅអគារចាក់វ៉ាក់សាំង ក្នុងចំណោមសាធារណជន ។ គាត់ត្រូវបានចូលរួមដោយលោក Noor Hisham Abdullah អគ្គនាយក នៃក្រសួងសុខាភិបាល និងបុគ្គលសំខាន់ចំនួន០៤នាក់ទៀត ដែលជាអ្នកទទួលបានការចាក់វ៉ាក់សាំង ។

នេះជាកម្មវិធីចាក់វ៉ាក់សាំងដ៏ធំបំផុត របស់ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណង ដើម្បីទប់ស្កាត់ជំងឺ និងឲ្យបានតិចបំផុត៨០ភាគរយ នៃពលរដ្ឋសរុបរបស់ប្រទេស ដើម្បីទទួលបានការការពារ ជំងឺប្រឆំាងនឹងកូវីដ១៩ ដែលមានអ្នកឆ្លងជំងឺជាង ២៩០.០០០នាក់ និង បណ្តាលឲ្យស្លាប់ជាង១.០០០នាក់ ។

ដំណើរការនៃការចាក់វ៉ាក់សាំង នឹងធ្វើឡើងដែលមាន៣ដំណាក់កាល ។ ដំណាក់កាលទី១ សម្រាប់អ្នកសមរភូមិមុខ ដែលមានពលរដ្ឋប្រមាណ ពាក់កណ្តាលលាននាក់ ដំណាក់កាលទី២ សម្រាប់ក្រុមមនុស្សដែលមានឋានន្តរៈសក្តិខ្ពស់ និងដំណាក់កាលទី៣ ក្រុមមនុស្សពេញវ័យទាំងអស់ ដែលមានអាយុ១៨ឆ្នា និងលើសពីនេះ ដែលរំពឹងថា នឹងចូលរួមការចាក់វ៉ាក់សាំង ទាំងស្រុងនៅខែកុម្ភៈ ឆ្នាំក្រោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top