ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ថា សាកសពចំនួន០៥នាក់ត្រូវបានគេរកឃើញ និងប្រមាណ៧០នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានគ្រោះបាក់ដីមួយកើតឡើង នៅអណ្តូងរ៉ែមាសមួយកន្លែង នៅខេត្ត Central Sulawesi កាលពីល្ងាចថ្ងៃពុធ នៅក្នុងប្រទេសឥណ្ឌូនេស៊ី មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ។
លោក Datu Pamusu Tombolotutu ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានប្រាប់ដល់ស៊ិនហួ តាមទូរស័ព្ទពីកន្លែងកើតហេតុថា ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្មានថ្ងៃមកនេះបង្កជាគ្រោះបាក់ដីកើតឡើង នៅក្នុងរូង ដែលជាអណ្តូងរ៉ែមាសបុរាណមួយកន្លែង នៅទីតាំងភូមិ Buranga ក្នុងស្រុក Parigi Mountong ។
លោក Pamusu បាននិយាយថា “យើងបានរកឃើញសាកសព ចំនួន០៥នាក់ហើយ និងទទួលបានរបាយការណ៍ពីក្រុមសមាជិក ដែលបានប្រាប់អំពីអ្នកបាត់ខ្លួន ។ សរុបមាន៧០នាក់ ។ ភាគច្រើននៃអ្នកបាត់ខ្លួនទាំងនោះ បានកប់នៅក្រោមដី” ។
គាត់បាននិយាយថា ការរុករក និងជួយសង្គ្រោះ ក្រុមជនរងគ្រោះបានចាប់ផ្តើមឡើងចាប់តាំងពីថ្ងៃពុធ មានគ្រឿងចក្រកាយដី និងឧបករណ៍ផ្សេងៗទៀត ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ ។
មន្ត្រីរូបនេះបាននិយាយថា យោធា ប៉ូលិស និងអ្នកជំនាញ មកពីការិយាល័យ រុករកក្នុងស្រុក និងជួយសង្គ្រោះ និងមកពីទីភ្នាក់ងារគ្រោះមហន្តរាយ ជាមួយនឹងក្រុមស្ម័គ្រចិត្ត ដែលពាក់ព័ន្ធនឹងការជួយសង្គ្រោះ និងរុករក បានបំពេញបេសកកម្មនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា