ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប អនុម័តវ៉ាក់សាំង ការពារជំងឺកូវីដ-១៩របស់រុស្ស៊ី Sputnik V សម្រាប់ការប្រើប្រាស់បន្ទាន់

គ៊ែរ ៖ អាជ្ញាធរថ្នាំពេទ្យ របស់អេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា អាជ្ញាធរថ្នាំពេទ្យអេហ្ស៊ីប (EDA) បានអនុម័តវ៉ាក់សាំង Sputnik V COVID-19 របស់រុស្ស៊ី សម្រាប់ការប្រើប្រាស់ជាបន្ទាន់ នៅក្នុងប្រទេសអេហ្ស៊ីប។

យោងតាមសេចក្តីថ្លែង ការណ៍បានឱ្យដឹងថាលោក Mahmoud Yassin ប្រធានរដ្ឋបាលកណ្តាលរបស់ EDA សម្រាប់ផលិតផល ជីវសាស្ត្រ និងច្នៃប្រឌិតថ្មីបានលើកឡើងថា វ៉ាក់សាំងរុស្ស៊ី ត្រូវបានអនុម័តបន្ទាប់ ពីឆ្លងកាត់ការធ្វើតេស្តវាយតម្លៃ នៅមន្ទីរពិសោធន៍របស់អាជ្ញាធរ ។

យោងតាមកាតចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា កន្លងមកប្រទេសអេហ្ស៊ីប ក៏បានអនុម័តការចាក់វ៉ាក់សាំង របស់ប្រទេសចិន Sinopharm និង Oxford/AstraZeneca សម្រាប់ការប្រើប្រាស់ជាបន្ទាន់ផងដែរ ។

កាលពីខែមុនប្រទេសអេហ្ស៊ីប បានចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេស នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយចាប់ផ្តើមពីបុគ្គលិកពេទ្យនៃមន្ទីរពេទ្យរដ្ឋជាមុន។

រដ្ឋមន្រ្តីសុខាភិបាលអេហ្ស៊ីប លោកស្រី Hala Zayed បានប្រាប់បណ្តាញទូរទស្សន៍ ក្នុងស្រុកមួយឲ្យដឹងថា ការចាក់វ៉ាក់សាំងនេះនឹងត្រូវចំណាយ ប្រាក់ដល់ប្រជាជនម្នាក់ចំនួន ២០០ ផោនអេហ្ស៊ីប (ប្រហែល ១២,៨ ដុល្លារ សហរដ្ឋអាមេរិក) សម្រាប់ការប្រើថ្នាំពីរដងក្នុងរយៈពេល ២១ ថ្ងៃ។ លោកស្រីបានបន្ថែមថា ក្រុមគ្រួសារ និងបុគ្គល ដែលខ្វះខាត នឹងត្រូវទទួលថ្នាំបង្ការ ដោយឥតគិតថ្លៃ ៕

ដោយ ឈូក បូរ៉ា

To Top