បរទេស ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសប្រាប់ថា នាវាពិឃាត USS Curtis Wilbur បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅក្នុងសប្ដាហ៍នេះ ។
នាវាពិឃាត Wilbur ដែលធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅក្នុងសប្ដាហ៍នេះនោះ គឺជានាវាសហរដ្ឋអាមេរិកគ្រឿងទីពីរ ដែលធ្វើបែបនេះ ហើយក៏ជាលើកទីពីរផងដែរ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករាមក ក្រោមប្រតិបត្តិការសេរីភាព នាវាចរណ៍តាមប្រក្រតី របស់ទ័ពជើងទឹកអាមេរិក។
សេចក្តីប្រកាសព័ត៌មានមួយរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ដូច្នេះថា “ការធ្វើដំណើរ របស់នាវាកាត់តាមច្រកសមុទ្រតៃវ៉ាន់នេះ បានបង្ហាញឲ្យឃើញនូវការ ប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះសេរីភាពនិងភាពបើកចំហ នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ។
គួរបញ្ជាក់ថា ទ័ពជើងទឹកអាមេរិក ជាប្រក្រតីតែងតែធ្វើប្រតិបត្តិការ សេរីភាពនាវាចរណ៍ នៅក្នុងដែនទឹកមានជម្លោះ ហើយជាញឹកញាប់បានបង្កឲ្យមានការរិះគន់ពីរដ្ឋាភិបាលចិន ដែលចាត់ទុកកោះតៃវ៉ាន់ ជាខេត្តដាច់ដោយឡែក មួយរបស់ខ្លួន ៕
ប្រែសម្រួល៖ប៉ាង កុង