បរទេស ៖ ប្រទេសសមាជិក របស់សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានព្រមព្រៀងគ្នា បណ្ដេញឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡា ចេញពីស្ថាប័នអន្តររដ្ឋាភិបាល ក្នុងដំណើរសងសឹក ចំពោះប្រទេសនៅអាមេរិកខាងត្បូងនេះ ដែលប្រកាសថា គណៈប្រតិភូសហភាពអឺរ៉ុប លែងទទួលបានការស្វាគមន៍ នៅក្នុងព្រំដែនខ្លួន ជុំវិញទណ្ឌកម្មសហភាពអឺរ៉ុប ដែលទើបដាក់ថ្មីៗនេះ ។
សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានប្រកាសថា លោកស្រី Claudia Salerno Caldera ជាឯកអគ្គរដ្ឋទូតរបស់ប្រទេសវេណេស៊ុយអេឡា គឺជាបុគ្គលមិនគួររាប់រក ក្រោយមួយថ្ងៃបន្ទាប់ពីប្រទេស វេណេស៊ុយអេឡា បានធ្វើទង្វើប្រហាក់ប្រហែលគ្នានេះ លើលោក Isabel Brilhante Pedrosa មកពីសហភាពអឺរ៉ុប ។
សេចក្តីថ្លែងការណ៍សហភាពអឺរ៉ុប បាននិយាយយ៉ាងដូច្នេះថា “សហភាពអឺរ៉ុបចាត់ទុកការប្រកាសនេះ ជារឿងគ្មានការធានានិងផ្ទុយទាំងស្រុង ចំពោះគោលបំណងសហភាពអឺរ៉ុបនៃការអភិវឌ្ឍចំណងមិត្តភាព និងកសាងភាពជាដៃគូ នៅក្នុងប្រទេសទី៣”។
គួរបញ្ជាក់ថា ការបណ្ដេញលោកស្រី Salerno Caldera ចេញពីសហភាពអឺរ៉ុបនេះ គឺត្រូវបានធ្វើឡើង ក្រោយលោករដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា Jorge Arreaza បានប្រកាសនៅថ្ងៃពុធថា លោក Brilhante Pedrosa មានពេល៧២ម៉ោង ដើម្បីចាកចេញពីប្រទេសវេណេស៊ុយអេឡា៕
ប្រែសម្រួល៖ប៉ាង កុង