ព័ត៌មានអន្តរជាតិ

អាមេរិក ធ្វើការវាយប្រហារ តាមអាកាស នៅស៊ីរីផ្តោតគោលដៅ លើក្រុមគាំទ្រ ដោយអ៊ីរ៉ង់

បរទេស ៖ មន្ទីរបញ្ចកោណ បាននិយាយថា យោធាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានធ្វើការវាយប្រហារ តាមអាកាស ដោយផ្តោតគោលដៅលើក្រុមយោធា គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីភាគខាងកើត និងបានបន្តថា នេះជាការឆ្លើយតប ទៅនឹងការវាយប្រហារ ដោយរ៉ុកកែតមួយ ទៅលើកងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីសប្ដាហ៍មុន ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លេខាធិការផ្នែកព័ត៌មាន របស់ក្រសួងការពារជាតិ លោក John Kirby បាននិយាយក្នុងសេចក្តីថ្លែង ការណ៍មួយថា ការវាយប្រហារនេះ គឺត្រូវបានណែនាំដោយលោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន ហើយនេះគឺជាប្រតិបត្តិការយោធា បើកចំហដំបូង ក្រោមសេតវិមានថ្មី ។

លោក John Kirby បានមានប្រសាសន៍ប្រាប់ថា ទីតាំងអគារ ដែលស្ថិតនៅត្រង់ចំណុចគ្រប់គ្រងព្រំដែន មិនស្គាល់ឈ្មោះមួយកន្លែង ដែលប្រើប្រាស់ដោយពួក Kait’ib Hezbollah និងពួក Kait’ib Sayyid al-Shuhada នៅក្នុងចំណោមក្រុមគាំទ្រ ដោយអ៊ីរ៉ង់នោះ ត្រូវបានកម្ទេច នៅក្នុងការវាយប្រហារនោះ។

តាមសេចក្តីរាយការណ៍ លោកបាននិយាយយ៉ាងដូច្នេះថា “ការវាយប្រហារនេះ គឺត្រូវបានអនុញ្ញាត នៅក្នុងដំណើរ ឆ្លើយតប ចំពោះការវាយប្រហារថ្មីៗនេះ លើបុគ្គលិកអាមេរិក និងកងកម្លាំងចម្រុះ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងចំពោះការគម្រាមកំហែងកំពុងតែប្រព្រឹត្តទៅ លើបុគ្គលិកទាំងនោះ ហើយប្រតិបត្តិការ បានបញ្ជូនសារមាន័យប្រាកដជាក់លាក់មួយថា លោកប្រធានាធិបតី បៃដិន នឹងធ្វើសកម្មភាពការពារបុគ្គលិកអាមេរិកនិងកងកម្លាំងចម្រុះ” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top