ព័ត៌មានអន្តរជាតិ

ការចាក់វ៉ាក់សាំង ជាតិនិយម គំរាមកំហែងដល់ការ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ជាសកល


ហុងកុង៖ ខណៈពេលដែលភាគច្រើននៃការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដែលមានកំណត់ កំពុងត្រូវបានរារាំង ដោយប្រទេសអ្នកមាន ដែលភាគច្រើននៃប្រជាជនពិភពលោក ដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ កំពុងត្រូវបានទុកចោល ដោយគ្មានការការពារ ចំពោះធាតុបង្កជំងឺដ៏សាហាវនេះ។

ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត គឺជាសង្គ្រាមរួមមួយ ដែលពាក់ព័ន្ធនឹងមនុស្សជាតិទាំងអស់។ មនុស្សរាប់ពាន់លាននាក់ ដែលនឹងមិនត្រូវបានចាក់ថ្នាំបង្ការឆាប់ៗនេះ ដោយសារការចែកចាយវ៉ាក់សាំងមិនស្មើគ្នា កំពុងតែលាតត្រដាងនៃការគំរាមកំហែងលើកិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺឆ្លងជាសកល។

វេជ្ជបណ្ឌិតវ័យក្មេងលោក Junaid Iqbal អាយុ ២៩ ឆ្នាំបានចូលរួមជាមួយមន្ទីរពេទ្យកាលពីឆ្នាំមុន នៅ Gilgit តំបន់ភាគខាងជើងប្រទេសប៉ាគីស្ថាន ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត ហើយការប្រយុទ្ធរបស់លោក បានអូសបន្លាយជិតមួយឆ្នាំហើយ។

លោក Iqbal បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួថា “មិនធ្លាប់មាននៅក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំប្រាថ្នាចង់ទទួលការចាក់វ៉ាក់សាំង និងភាពស៊ាំពីវីរុស ដូចខ្ញុំបានធ្វើក្នុងពេលដ៏លំបាកបំផុតនោះទេ” ។

ទោះយ៉ាងណានៅពេលលោកដឹងថា ប្រទេសអ្នកមានបានចាប់ផ្តើមចាក់វ៉ាក់សាំង សម្រាប់ពលរដ្ឋរបស់ខ្លួន លោកមានការព្រួយបារម្ភថា វានឹងចំណាយពេលយូរ សម្រាប់លោកដែលជាបុគ្គលិកសុខាភិបាលជួរមុខនៅក្នុងប្រទេសទី៣ ក្នុងពិភពលោកដែលត្រូវទទួលថ្នាំបង្ការ។

អ្វីដែលជាការព្រួយបារម្ភលោក Iqbal ក៏បានធ្វើឱ្យមានការព្រួយបារម្ភប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ដែលបានលើកឡើងកាលពីខែមករាថា ទំនាក់ទំនងរវាងសេដ្ឋកិច្ច ដែលមានប្រាក់ចំណូលខ្ពស់ និងក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ កំពុងធ្វើឱ្យអន្តរាយដល់គំនិតផ្តួចផ្តើម COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ដើម្បីធានាបាននូវការទទួលបានវ៉ាក់សាំងកូវីដ-១៩ ស្មើៗគ្នាសម្រាប់ប្រទេសទាំងអស់ ដែលចូលរួម។

ក្នុងចំណោមប្រទេសចំនួន ៥០ ដែលវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ កំពុងត្រូវបានគេប្រើស្ទើរតែទាំងអស់ ជាប្រទេសអ្នកមាន ហើយ ៧៥ ភាគរយនៃថ្នាំត្រូវបានគេដាក់ពង្រាយនៅក្នុងប្រទេសតែ ១០ នេះបើយោងតាមប្រធានអង្គការសុខភាពពិភពលោក ដែលបានព្រមាននៅមុននេះថា ពិភពលោក គឺស្ថិតនៅជិតនឹងការបរាជ័យខាងសីលធម៌ដ៏មហន្តរាយ ដោយសារតែការចាក់វ៉ាក់សាំងជាតិនិយម៕

ដោយ ឈូក បូរ៉ា

To Top