ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនពលរដ្ឋចំនួន ២៣នាក់ ក្រោយផ្ទុះការតវ៉ាមួយនៅក្រុងដាប់ប្លីន ប្រទេសអៀឡង់

DUBLIN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយថា សរុបពលរដ្ឋចំនួន ២៣នាក់បានត្រូវចាប់ខ្លួន បន្ទាប់ពីបានបង្កអំពើហិង្សាមួយ ប្រឆំាងនឹងការរឹតត្បិតជំងឺកូវីដ១៩ នៅក្នុងក្រុង ដាប់ប្លីន កាលពីថ្ងៃសៅរ៍ ។

ប៉ូលិសជាតិរបស់អៀឡង់ បានលើកឡើងនៅក្នុងសេចក្តីប្រកាសមួយ នៅលើបណ្តាញសង្គម twitter សមាជិកប៉ូលិសចំនួន ៣នាក់ បានរងរបួសនៅក្នុងអំឡុងពេល កើតឧប្បត្តិហេតុនេះ ហើយម្នាក់ក្នុងចំណោមអ្នកទាំងនោះ ចាំបាច់ត្រូវព្យាបាលនៅមន្ទីរពេទ្យ ។

ប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា ការតវ៉ា ដែលបានរៀបចំដោយក្រុមខុសៗគ្នា បានកើតឡើងនៅ Grafton Street នៅក្រុងដាប់ប្លីន កាលពីរសៀលថ្ងៃសៅរ៍ ហើយមានពលរដ្ឋរាប់រយនាក់ ដែលពាក់ព័ន្ធនឹងអំពើហិង្សានេះ ។

ប៉ូលិសបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសថា “ការប្រមូលផ្តុំគ្នាបានប្រែក្លាយឲ្យមាន អំពើហិង្សាកើតឡើងជាមួយក្រុម សមាជិកប៉ូលិសជាតិអៀឡង់ ដោយបានដាក់គោលដៅ ទៅលើការបាញ់កាំជ្រួច ការបាញ់មីស៊ីល និងអាវុធចុងស្រួច” ដោយបានបន្ថែមថា ប៉ូលិសបានតបតវិញដែលជាជំនាញ ជាលទ្ធផលបានធ្វើឲ្យកើតរឿងក្តៅ ក្រហាយនៅក្នុងទីក្រុងនេះតែម្តង ។

បច្ចុប្បន្ននេះ ប្រទេសអៀឡង់ ស្ថិតក្នុងការដាក់ប្រទេសនៅគ្រាមានអាសន្ន ដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩ ។ កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលបានសម្រេចចិត្តបន្ថែម ពេលវេលាក្នុងការបិទប្រទេសដែល ជាវិធានការរហូតដល់ថ្ងៃទី០៥ ខែមេសា ។

ស្ថិតក្រោមវិធានការបិទ ប្រទេសនាពេលបច្ចុប្បន្ននេះ ពលរដ្ឋទាំងអស់ នៅក្នុងប្រទេស តម្រូវឲ្យមានការស្នាក់នៅក្នុងចម្ងាយ៥គីឡូម៉ែត្រពីផ្ទះ លើកលែងតែមានមូលហេតុពិសេសណាមួយ និងមិនចាំបាច់សម្រាប់អាជីវកម្មទេនោះ ត្រូវតែបិទ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top