បរទេស៖ ការប្រឈមមុខដាក់គ្នា រវាងប៉ូលីស និងក្រុមបាតុករ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានប្រែទៅជាអាក្រក់ កាលពីថ្ងៃអាទិត្យ ដោយមានអ្នករងរបួស និងមានការចាប់ខ្លួនជាច្រើននាក់ បន្ទាប់ពីមានការតវ៉ា នៅខាងមុខបន្ទាយទាហាន កងវរសេនាតូចទី ១ និងក្រុមអង្គរក្ស របស់ព្រះមហាក្សត្រ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមអ្នកតវ៉ាវ័យក្មេង ប្រមាណ ១ ៥០០ នាក់ ដែលស្ថិតនៅក្រោមបដា REDEM (Restart Democracy ឬ ស្តារប្រជាធិបតេយ្យឡើងវិញ) បានចាប់ផ្តើមជួបជុំគ្នា នៅវិមានជ័យជំនះនៅម៉ោង ៣ រសៀល មុនពេលដង្ហែទៅកាន់បន្ទាយ ទាហានកងវរសេនាតូចថ្មើរជើងទី ១ នៅលើវិថី Vibhavadi Rangsit ដែលជាទីតាំង របស់នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ស្នាក់នៅ។ នេះបើយោង តាមការិយាល័យសាខាពិសេស ។
REDEM គឺជាការចាប់បដិសន្ធិឡើងវិញ ចុងក្រោយរបស់ក្រុមយុវជន សេរីដែលបានប្រមូលផ្តុំគ្នា ប្រឆាំងនឹងរដ្ឋាភិបាល ហើយបានធ្វើយុទ្ធនាការ ដើម្បីធ្វើកំណែទម្រង់ រាជាធិបតេយ្យ។
មន្ត្រីប្រឆាំង កុបកម្មជាង ២ ០០០ នាក់ មកពីការិយាល័យប៉ូលីសក្រុង ត្រូវបានគេដាក់ពង្រាយ ដើម្បីប្រឆាំងនឹងក្រុមបាតុករ ហើយរបាំងត្រូវបានបង្កើតឡើង ដើម្បីរារាំងក្រុមបាតុករមិន ឱ្យទៅជិតលំនៅដ្ឋាន របស់នាយករដ្ឋមន្រ្តី ។
ស្ថានភាពបានប្រែ ទៅជាអាក្រក់ទៅ ៗ នៅម៉ោងប្រហែល ៦ និង៣០នាទី ល្ងាចនៅពេលដែលក្រុមអ្នកតវ៉ាបានប៉ះទង្គិច ជាមួយប៉ូលីស។ ប៉ូលីសបានដាក់ពង្រាយ ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ប្រឆាំងនឹងក្រុមបាតុករ ដែលបានបន្ដបោះវត្ថុនានា ទៅលើមន្ត្រីទាំងនោះ។ មន្ត្រីប៉ូលីស ក៏បានបាញ់គ្រាប់កាំភ្លើងជ័រ ទៅលើក្រុមអ្នកតវ៉ាក្នុងពេលប៉ះទង្គិចគ្នានោះដែរ៕
ប្រែសម្រួលៈ ណៃ តុលា