បរទេស៖ប្រេសិតពិសេសអាមេរិកប្រចាំនៅប្រទេស អាហ្វហ្គានីស្ថាន លោក Zalmay Khalilzad នៅថ្ងៃចន្ទនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយមន្ត្រីជាន់ខ្ពស់ អាហ្វហ្គានីស្ថាន នៅក្នុងទីក្រុងកាប៊ុល ជុំវិញវិធីបង្កើនសន្ទុះ ដំណើរការសន្តិភាព នៅមុនពេល ធ្វើដំណើរឆ្ពោះទៅប្រទេសកាតា ជាទីដែលកិច្ចចរចាជាមួយ តំណាងពួកតាលីបង់ នឹងប្រារព្ធធ្វើឡើង។
តាមសេចក្តីរាយការណ៍ លោក Khalilzad បានពិភាក្សាអំពីដំណើរការ សន្តិភាពជាមួយលោក Abdullah Abdullah ជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់អាហ្វហ្គានីស្ថាន ទទួលបន្ទុកកិច្ចការផ្សះផ្សារជាតិ ហើយលោក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយ មន្ត្រីអាហ្វហ្គានីស្ថានផ្សេងទៀតផងដែរ។
លោក Fraidoon Khwazoon ជាមន្ត្រីនាំពាក្យឲ្យលោក Abdullah Abdullah បាននិយាយដូច្នេះថា “ការវិវត្តនៃដំណើរការសន្តិភាព ការពន្លឿនដំណើរការនិងការវាយតម្លៃ កិច្ចព្រមព្រៀងទីក្រុងដូហា ធ្វើឡើងដោយរដ្ឋបាលថ្មីរបស់អាមេរិក គឺជាប្រធានបទចម្បង នៃកិច្ចពិភាក្សាគ្នា។
គួរបញ្ជាក់ថា កិច្ចពិភាក្សាសន្តិភាពគាំទ្រដោយ អាមេរិក រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមសកម្មប្រយុទ្ធ បានចាប់ផ្តើមនៅក្នុងខែកញ្ញា ប៉ុន្តែដំណើរការបានធ្លាក់ចុះ ហើយអំពើហិង្សាបានកើនឡើង ទន្ទឹមនឹងការមានភាពមិនច្បាស់លាស់ ជុំវិញថាតើ កងកម្លាំងអន្តរជាតិ នឹងដកចេញនៅក្នុងខែឧសភា តាមការគ្រោងទុក ពីមុនដែរឬទេ៕ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
