ព័ត៌មានអន្តរជាតិ

អាស៊ាន ត្រៀម​សម្រាប់កិច្ចពិភាក្សា មីយ៉ាន់ម៉ា នៅពេលវិបត្តិ បច្ចុប្បន្នកាន់តែធ្ងន់ធ្ងរ

អាស៊ី ៖ រដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហៅកាយ់ថាអាស៊ាន បានរៀបចំ សម្រាប់កិច្ចប្រជុំពិសេសមួយ ជាមួយយោធាកំពុងគ្រប់គ្រង ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារទី០២ ខែមីនា ក្នុងគោលបំណង ដើម្បីលុបបំបាត់អំពើហឹង្សា ដែលបានសម្លាប់ និងបើកផ្លូវដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលកំពុងកើនឡើង ។

កិច្ចចរចានេះនឹងធ្វើឡើងពីរថ្ងៃ បន្ទាប់ពីថ្ងៃចលាចល ដ៏បង្ហូរឈាមខ្លាំងបំផុត ចាប់តាំងពីយោធា បានដករដ្ឋាភិបាល ដែលបានជាប់ឆ្នោត របស់លោកស្រីអ៊ុងសាន ស៊ូជី កាលពីមួយខែមុន ដែលធ្វើឱ្យមានការខឹងសម្បារ និងការតវ៉ាតាមដងផ្លូវ ដ៏ធំនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។

នៅតាមដងផ្លូវមានសភាពស្ងាត់ជ្រងំ នៅទីក្រុងរ៉ង់ហ្គូន ដែលជាទីក្រុងធំជាងគេ នៅព្រឹកថ្ងៃអង្គារមុនអ្វី ដែលក្រុមបាតុករបានឲ្យដឹងថា នឹងជាបាតុកម្មដ៏ធំមួយទៀត ។ ផ្សារទំនើបជាច្រើនបានប្រកាសបិទទ្វារ ដោយសារតែភាពចលាចល ហើយកន្លែងខ្លះ បាតុកម្មបានកើតឡើង។

សាក្សីបានឲ្យដឹងថា ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកដៃ ដើម្បីបំបែកក្រុមបាតុកររាប់រយនាក់នៅក្នុងទីក្រុងរ៉ង់ហ្គូន កាលពីថ្ងៃច័ន្ទ ហើយក្រោយមកទៀត ក៏មានកាតបាញ់កាំភ្លើងតាមផ្លូវផងដែរ។

នៅក្នុងសុន្ទរកថា ដែលត្រូវបានអាន នៅលើកញ្ចក់ទូរទស្សន៍របស់រដ្ឋ ដោយអ្នកសារព័ត៌មានមួយរូប មេដឹកនាំយោធាលោកឧត្ដមសេនីយ៍ Min Aung Hlaing បានឲ្យដឹងថា មេដឹកនាំបាតុកម្ម និង “ អ្នកញុះញង់” នឹងត្រូវបានដាក់ទណ្ឌកម្ម និងគំរាមកំហែងសកម្មភាពប្រឆាំង នឹងមន្ត្រីរាជការ ដែលបដិសេធមិនធ្វើការ។

លោក Min Aung Hlaing បានសន្យាថា នឹងរៀបចំការបោះឆ្នោតថ្មី និងប្រគល់អំណាចដល់អ្នកឈ្នះ ប៉ុន្តែមិនបានផ្តល់ពេលវេលាច្បាស់លាស់នោះទេ។

រដ្ឋប្រហាររបស់លោកនៅថ្ងៃទី០១ ខែកុម្ភៈ បានបញ្ឈប់ជំហានបណ្ដោះអាសន្ន របស់មីយ៉ាន់ម៉ាឆ្ពោះទៅលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការគ្រប់គ្រងយោធាជិត ៥០ ឆ្នាំហើយបានទទួលការថ្កោលទោស និងការដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច និងការព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងចំណោមប្រទេសជិតខាង។

រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានលើកឡើងថា សមភាគី របស់លោកនៅក្នុងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងនិយាយដោយស្មោះត្រង់ នៅពេលដែលពួកគេបានជួបគ្នា តាមរយៈការហៅទូរស័ព្ទ ជាវីដេអូនៅថ្ងៃអង្គារនេះ ហើយនឹងប្រាប់អ្នកតំណាង យោធាមីយ៉ាន់ម៉ាថា ពួកគេមានអារម្មណ៍រន្ធត់ ដោយសារអំពើហិង្សានេះ៕
ដោយ ឈូក បូរ៉ា

To Top