ព័ត៌មានអន្តរជាតិ

វិធីដែលអ្នកស្រាវជ្រាវ ជនជាតិចិនអាច ពន្លឿនការសាកល្បង ការចាក់វាក់សាំងកូវីដ១៩ នៅបរទេស និងធានាថា ដំណើរការនេះ ស្របទៅតាមពិធីសារ

នៅមុនថ្ងៃចូលឆ្នាំចិន លោក ហ្គូ ជិនបូ ដែលកំពុងដឹកនាំក្រុមអ្នកវិទ្យាសាស្ត្រចិននៅប្រទេសប៉ាគីស្ថានសម្រាប់ការព្យាបាលសាកល្បង របស់វ៉ាក់សាំងជំងឺកូវីដ ១៩ ដំណាក់កាលទី៣ បានបរិភោគនំប៉ាវពីរបីយ៉ាងរួសរាន់ រួចក៏ប្រញាប់ត្រឡប់ទៅទីតាំងព្យាបាលសាកល្បងវិញ។

ការងាររបស់ពួកគេបានដល់ដំណាក់កាលដ៏សំខាន់មួយ ជាមួយនឹងតារាងពេលវេលាកាត់បន្ថយទិន្នន័យនៃការសាកល្បងវ៉ាក់សាំងដ៏ហត់នឿយបំផុត ជាជំហានដ៏ចាំបាច់សម្រាប់ការវិភាគទិន្នន័យនៅដំណាក់កាលបន្ទាប់ទៀតផង។

លោក ហ្គូ និងសហការីរបស់គាត់ត្រូវលះបង់ ការប្រារព្ធពិធីចូលឆ្នាំថ្មីក្នុងឆ្នាំនេះ ដោយសង្ឃឹមថានៅពេលអនាគតនឹងមានគ្រួសារជាច្រើន អាចជួបជុំគ្នាបាន និងដោយសុវត្ថិភាព ក៏ដូចជា អ្នកស្រាវជ្រាវនៅលើពិភពលោកជាច្រើន ដែលធ្វើការក្នុងល្បឿនដ៏គួរឱ្យព្រួយបារម្ភ ដើម្បីអាចគ្រប់គ្រងវីរុសដែលបង្កគ្រោះថ្នាក់ដល់ជីវិតមួយនេះឱ្យបាន។

អ្វីដែលអ្នកស្រាវជ្រាវអាចសម្រេចបានក្នុងរយៈពេលមួយឆ្នាំនេះ ជាអ្វីដែលអាចសម្រេចបានតាមល្បឿនធម្មតា ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំ ដើម្បីធ្វើការស្រាវជ្រាវ និងផលិត ដែលពុំមានជំហានណាដែលត្រូវបានលុបចោលនោះទេ ទាំងក្នុងដំណាក់កាលនៃការរៀបចំ ការសាកល្បង និងការផលិត។ នេះជារបៀបដែលក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ ១៩ ឈានមុខរបស់ចិន ឈ្មោះថា CanSino Biologics Inc. (CanSinoBIO) ធ្វើដើម្បីបង្កើតវ៉ាក់សាំងថ្មីមួយដែលតម្រូវឱ្យចាក់តែម្ដង ឈ្មោះថា Ad5-nCoV ជាមួយនឹងទិន្នន័យបណ្ដោះអាសន្នពីប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ ១៩ ក្នុងកម្រិត៦៥,៧ភាគរយ ដែលមានសុវត្ថិភាព និងភាពលឿនរហ័សស្មើគ្នា។ អ្នកកាសែតម្នាក់បានជជែកជាមួយ លោក ហ្គូ ដើម្បីស្វែងយល់ពីភាពវ័យឆ្លាត និងការប្រឈមនានាដែលពិបាកស្មានរបស់អ្នកវិទ្យាសាស្រ្តជនជាតិចិននៃ CanSinoBIO ដែលកំពុងតែធ្វើការព្យបាលសាកល្បងដំណាក់កាលទី៣ ដ៏សំខាន់នេះនៅបរទេស។

ប្រទេសប៉ាគីស្ថាន ជាប្រទេសដំបូងបំផុតក្នុងចំណោមប្រទេសទាំងឡាយ នៅក្នុងពិភពលោក ដែល CanSinoBIO ចាប់ផ្ដើមការព្យាបាលសាកល្បងដំណាក់កាលទី៣។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ CanSinoBIO បានបញ្ជូនអ្នកជំនាញចិនចំនួន ២ក្រុម មកប្រទេសប៉ាគីស្ថាន ដើម្បីត្រួតពិនិត្យលើការព្យាបាលសាកល្បងនេះ។ នេះជាការព្យាបាលសាកល្បងដ៏ធំបំផុតដែលពុំធ្លាប់ធ្វើឡើងដោយក្រុមហ៊ុនដែលមានអាយុ១០ឆ្នាំនេះ និងធំបំផុតនៅក្នុងប្រទេសប៉ាគីស្ថាន។

«យើងធ្វើការធ្ងន់ជាងមុន ១០ដង ក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ លើសពីពេលដែលផលិតវ៉ាក់សាំងធម្មតា» លោក ហ្គូ បាននិយាយជាមួយអ្នកកាសែត។ «យើងមិនដែលរំលងជំហានសំខាន់ៗនោះទេ យើងអនុលោមតាម ការអនុវត្តល្អក្នុងមន្ទីរពេទ្យ និងបទដ្ឋានដំណើរការប្រតិបត្តិរបស់យើង យ៉ាងខ្ជាប់ខ្ជួន ប៉ុន្តែយើងបន្ថែមការងារ ជាច្រើនក្នុងពេលវេលាដ៏តិចតួចស្ដួចស្ដើងដើម្បីរត់ប្រណាំងជាមួយនឹងវីរុសនេះ។»

និយ័តករក្នុងស្រុកបានផ្ដល់ «ការវាយតម្លៃពិសេស» ស្ដីពីសុវត្ថិភាព បទដ្ឋានការផលិត និងប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ ដោយមូលហេតុថាជំងឺកូវីដ ១៩ បានសម្លាប់មនុស្សជាង ១២.០០០ នាក់នៅប្រទេសប៉ាគីស្ថាន។

វ៉ាក់សាំងទប់ស្កាត់វីរុសដែលបង្កឱ្យមានជំងឺផ្លូវដង្ហើមនេះ ត្រូវបានផលិតឡើងរួមគ្នាដោយ CanSinoBIO និងអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្រ្តទីក្រុងប៉េកាំង ដែលស្ថិតនៅក្រោមវិទ្យាស្ថានវិទ្យាសាស្រ្តវេជ្ជសាស្រ្តយោធា ដែលដឹកនាំដោយអ្នកផលិតវ៉ាក់សាំងកូវីដ ១៩ ជនជាតិចិនដ៏ល្បីឈ្មោះ គឺ អ្នកស្រី ឈិន វ៉ៃ ទទួលបានការអនុម័តឱ្យប្រើប្រាស់ក្នុងគ្រាអាសន្ន នៅក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃទី១២ ខែកុម្ភៈ។

ត្រលប់ទៅខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុននេះបានបើកសម្ពោធការសាកល្បងចាក់វ៉ាក់សាំង កូវីដ ១៩ មុនគេបង្អស់នៅលើពិភពលោក នៅទីក្រុងវូហាន ប្រទេសចិន ដើម្បីសាកល្បងមើលពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ។

វ៉ាក់សាំងនេះត្រូវបានរាយការណ៍ថាមានប្រសិទ្ធភាព ៦៥,៧ ភាគរយ ប្រឆាំងនឹងករណីដែលបង្ហាញរោគសញ្ញាថាមានជំងឺកូវីដ ១៩ និង ៩០,៩៨ ភាគរយប្រឆាំងនឹងការឆ្លងកម្រិតធ្ងន់ នេះបើយោងតាមទិន្នន័យបណ្ដោះអាសន្នដំណាក់កាលពី៣ ទូទាំងពិភពលោក ដែលត្រូវបានចេញផ្សាយក្នុងខែកុម្ភៈនេះ។ ការសាកល្បងនឹងត្រូវធ្វើឡើងជាមួយនឹងអ្នកស្ម័គ្រចិត្តចំនួន ៤០.០០០ នាក់ ដែលមានអាយុ១៨ឆ្នាំ និងច្រើនជាង ក្នុងទីតាំងព្យាបាលសាកល្បងនៅ ៧៨ កន្លែង នៃប្រទេសចំនួន៥ ក្នុងទ្វីបចំនួន៣។

លោក ហ្គូ បានលើកឡើងថា តួនាទីរបស់ក្រុមការងារជនជាតិចិន គឺរៀបចំការសាកល្បង និងដឹកនាំនូវរាល់ជំហាននីមួយៗដើម្បីឱ្យស្របទៅតាមពិធីសារក្នុងការរៀបចំនោះ ដោយសង្កត់ធ្ងន់ថាពួកគេនឹងមិនជ្រៀតជ្រែកជាមួយនឹងទិន្នន័យដែលត្រូវបានផលិតនោះទេ។ ដៃគូជនជាតិប៉ាគីស្ថានរបស់ពួកគេ ទទួលខុសត្រូវ ក្នុងការជ្រើសរើសអ្នកស្ម័គ្រចិត្ត និងចាប់ផ្ដើមធ្វើការសាកល្បង។

«ពុំដែលធ្លាប់មានការព្យាបាលសាកល្បង ដំណាក់កាលទី៣ ដ៏ធំបែបនេះ ត្រូវបានធ្វើឡើងក្នុងប្រទេសប៉ាគីស្ថានពីមុនមកទេ។ ការសហការណ៍នេះ គឺជារឿងដ៏សំខាន់បំផុតមួយនៅប៉ាគីស្ថានដោយសារតែពួកគេមិនដែលរំពឹងថា ពួកគេអាចរៀបចំការព្យាបាលសាកល្បងក្នុងកម្រិតធំ មានបទដ្ឋានខ្ពស់ និងក្នុងរយៈពេលលឿនបែបនេះពីមុនមកនោះទេ។» លោក ហ្គូ បានលើកឡើង។
ក្រុមការងារក្នុងស្រុកដែលរៀបចំការព្យាបាលសាកល្បង បានរៀនសូត្រពីអ្នកសម្របសម្រួលជនជាតិចិន បានបង្កើតប្រព័ន្ធគ្រប់គ្រង ដែលមានគុណភាពពេញលេញ សម្រាប់ការស្រាវជ្រាវផលិតថ្នាំព្យាបាលក្នុងកម្រិតធំ តាមរយៈវគ្គបណ្ដុះបណ្ដាលជាញឹកញាប់ ទាំងតាមបណ្ដាញអ៊ីនធើណិត និងការបង្រៀនផ្ទាល់ ដែលផ្ដល់ ដោយក្រុមអ្នកជំនាញជនជាតិចិន។

បញ្ហាប្រឈមដែលមិនធ្លាប់មាន

ការបង្កើតវ៉ាក់សាំងកូវីដ ១៩ នៅក្នុងល្បឿនដែលបំបែកកំណត់ត្រា គឺជាបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុន ករណីដែលអាចប្រៀបធៀបបាននោះគឺមានតែការបញ្ជូនមនុស្សទៅភពអង្គារតែប៉ុណ្ណោះ នេះជាការលើកឡើងរបស់អ្នកដែលធ្វើការក្នុងវិស័យនេះ។ ផ្លូវរបស់ CanSinoBIO នៅក្នុងការសាកល្បងនៅបរទេស ក៏មានការខកចិត្ត និងបញ្ហាដែលមិនបានរំពឹងទុកផ្សេងទៀតដែរ។

ការប្រឈមក្នុងការជ្រើសរើសអ្នកស្ម័គ្រចិត្ត និងឧបសគ្គនៃភាសារវាងក្រុមការងារជនជាតិចិន និងដៃគូជនជាតិប៉ាគីស្ថានរបស់ពួកគេ ធ្វើឱ្យដំណើរការក្នុងដំណាក់កាលដំបូងពុំអាចធ្វើទៅបានដោយរលូន។

លោក ហ្គូ បានប្រាប់ដល់អ្នកកាសែតថា «ការជ្រើសរើសអ្នកស្ម័គ្រចិត្តរាប់សិបពាន់នាក់ គឺជាការប្រឈមដំបូងនៅពេលដែលយើងមកដល់ប៉ាគីស្ថាន។ នៅថ្ងៃបុណ្យសែនព្រះខែឆ្នាំមុន សហការីបុរសម្នាក់របស់ខ្ញុំ បានសម្រក់ទឹកភ្នែកតាមទូរសព្ទដោយសារតែគាត់មានអារម្មណ៍ខកចិត្ត និងរអៀសខ្លួនដោយសារតែអាចរកបានអ្នកស្ម័គ្រចិត្តតែមួយចំនួនតូចប៉ុណ្ណោះ ក្នុងរយៈពេលកន្លះខែដំបូងបន្ទាប់ពីការមកដល់របស់គាត់។»

ភាពជោគជ័យនៃវ៉ាក់សាំង គឺជាសាច់រឿងនៃការខិតខំតស៊ូពុះពារ ជាពេលវេលានៃភាពភ្ញាក់ផ្អើល និងការកើនឡើងជាលំដាប់នៃការរំពឹងទុករបស់សាធារណជន។

ក្រុមអ្នកស្រាវជ្រាវស្ដាប់នូវការព្រួយបារម្ភរបស់ពលរដ្ឋដែលចូលរួមក្នុងការសាកល្បង និងស្រាយចម្ងល់របស់ពួកគេតាមរយៈយុទ្ធនាការផ្សព្វផ្សាយតាមវីដេអូ និងការផ្ដល់ប្រឹក្សាផ្លូវចិត្ត។ ក្រុមការងារស្រាវជ្រាវកៀងគរមិត្តភក្តិ និងក្រុមគ្រួសារឱ្យចូលរួមក្នុងការសាកល្បង ដែលលើសពីការរំពឹងទុកដោយមានមនុស្សចូលរួមច្រើនជាង ១៧.០០០ នាក់ លោក ហ្គូ បានប្រាប់ទៅអ្នកកាសែត។

ឧបសគ្គនៃភាសា នៅពេលដែលត្រូវបកប្រែពាក្យបច្ចេកទេសជាភាសាអង់គ្លេស ភាសាចិន និងភាសា អ៊ូរឌូ ក៏ជាបញ្ហាប្រឈមដ៏គួរឱ្យកត់សម្គាល់មួយដែរ។ អ្នកជំនាញចិនជាច្រើននាក់ ធ្វើការជាមេក្រុមនៅពេលថ្ងៃ ហើយរៀនភាសាអង់គ្លេសនៅពេលយប់ ដែលនេះបន្ថែមទៅលើបញ្ហាប្រឈមផ្សេងៗដែលមានស្រាប់ ដូចជា ការសម្របខ្លួនទៅនឹងរបបអាហារ និងលក្ខខណ្ឌអាកាសធាតុដែលខុសគ្នា។

ការធ្វើការនៅក្នុងល្បឿនមួយដែលមិនធ្លាប់ធ្វើពីមុនមក លោក ហ្គូ និងអ្នកស្រាវជ្រាវដទៃទៀតពុំដែលបានឈប់សម្រាកមួយថ្ងៃនោះទេ ក្នុងរយៈពេលពីរខែ ដើម្បីឱ្យមានពេលគ្រប់គ្រាន់ក្នុងការចងក្រងនូវទិន្នន័យចំនួនមនុស្សរាប់សិបពាន់នាក់។ ដៃគូជនជាតិប៉ាគីស្ថានរបស់ពួកគេ ដែលទទួលបានការជំរុញចិត្តពីអ្នកស្រាវជ្រាវជនជាតិចិន ក៏សុខចិត្តលះបង់ថ្ងៃចុងសប្ដាហ៍របស់ពួកគេ ដើម្បីរត់ប្រណាំងនឹងវីរុសនេះ បើទោះបីជាសំណើស្នើសុំធ្វើការលើសម៉ោងតម្រូវឱ្យមានការអនុម័តពិសេសពីក្រសួងសុខាភិបាលក៏ដោយ។

ប្រសិនបើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនផលិតឱសថយក្សអន្តរជាតិដ៏ចំណាស់ ដូចជា ក្រុមហ៊ុន Pfizer ក្រុមហ៊ុនក្មេងខ្ចីដូចជា CanSino នៅមានការងារច្រើនដែលត្រូវធ្វើនាពេលអនាគត ក្នុងការកៀងគរធនធានថ្នាក់សកល។ ប៉ុន្តែ ការដែលចំណាយពេលត្រឹមតែមួយឆ្នាំដើម្បីផលិតវ៉ាក់សាំង កូវីដ ១៩ ការឧទ្ទិស និងការគិតគូរវែងឆ្ងាយរបស់អ្នកវិទ្យាសាស្រ្តចិន គឺជាការបង្កើតដ៏គួរឱ្យកោតសរសើរមួយនៅក្នុងប្រវត្តិសាស្រ្ត៕

To Top