ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប និយាយថា គ្មានការពិភាក្សាគ្នា ទិញថ្នាំវ៉ាក់សាំង កូវីដ១៩ របស់រុស្ស៊ីទេ

បរទេស ៖ គណៈកម្មាធិការអឺរ៉ុប តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា មិនមានកិច្ចពិភាក្សាគ្នាកំពុងតែប្រព្រឹត្តទៅ ស្តីពីការទិញថ្នាំវ៉ាក់សាំង មេរោគកូរ៉ូណា Sputnik V របស់ប្រទេសរុស្ស៊ីនោះទេ ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យ របស់គណៈកម្មាធិការមួយរូប បាននិយាយប្រាប់សន្និសីទ កាសែតយ៉ាងដូច្នេះថា “នាពេលបច្ចុប្បន្ននេះ គ្មានកិច្ចពិភាក្សាគ្នាកំពុងតែប្រព្រឹត្តទៅ ដើម្បីរួមគ្នាទិញថ្នាំវ៉ាក់សំាង Sputnik នោះទេ” ។

នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារឱសថអឺរ៉ុប បាននិយាយប្រាប់ថា ខ្លួនបានចាប់ផ្តើមធ្វើការពិនិត្យឡើងវិញ អំពីថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V ដែលអាចនាំទៅរកការអនុម័ត ឲ្យប្រើប្រាស់ នៅក្នុងប្រទេសជាសមាជិក សហភាពអឺរ៉ុប ទាំង២៧ប្រទេស ។

ចំណែកមន្ត្រីនាំពាក្យរូបទីពីរ របស់គណៈកម្មាធិការអឺរ៉ុប បាននិយាយដូច្នេះថា “ដោយព្រោះតែថ្នាំវ៉ាក់សាំង ត្រូវបានអនុម័ត នៅកម្រិតអឺរ៉ុប ក្រោយការ វាយតម្លៃវិជ្ជមាន ធ្វើឡើងដោយ EMA នោះ វាមិនមានន័យថា មានកាតព្វកិច្ចណាមួយឲ្យគណៈកម្មការរួម បញ្ចូលវានៅក្នុងផលប័ត្រ របស់យើងនោះទេ” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top