ហុងកុង៖ ទូរទស្សន៍ បានផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ថា សកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅក្រុងហុងកុង ចំនួន១៥នាក់ក្នុងចំណោម៤៧ នាក់ដែលត្រូវបានចោទប្រកាន់ពីបទ ធ្វើវិទ្ធង្សនាត្រូវបានទទួលការ បង់ប្រាក់ធានា បន្ទាប់ពីសវនាការដ៏ស្វិតស្វាញមួយ ប៉ុន្តែក្រុមទាំងអស់នេះ នៅតែស្ថិតក្នុងការឃុំឃាំង រង់ចាំការប្តឹងឧទ្ធរណ៍ ។
ពួកគេត្រូវបានចោទប្រកាន់ ក្រោមច្បាប់សន្តិសុខថ្មីមួយ ដែលក្រុមអ្នករិះគន់និយាយថា កំពុងត្រូវបានប្រើប្រាស់ ដោយក្រុងប៉េកាំង ដើម្បីបង្ក្រាបក្រុមប្រឆាំងនៅក្នុងទីក្រុង ។
ប្រទេសចិន បានអនុម័តច្បាប់កាលពីឆ្នាំមុន ដោយនិយាយថា វាតម្រូវឱ្យមានស្ថិរភាព ។
ក្រុមសកម្មជន ដែលមានបុរស ៣៩នាក់ និងស្ត្រី០៨នាក់ ស្ថិតក្នុងចំណោមក្រុមមនុស្ស៥៥នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងការវាយឆ្មក់ ចូលកាលពីព្រឹកមិញ ។
សកម្មជនទាំង៤៧នាក់ នឹងស្ថិតនៅក្នុងមន្ទីរឃុំឃាំង ខណៈដែលនាយកដ្ឋាន យុត្តិធម៌អំពាវនាវប្រឆាំង នឹងសេចក្តីសម្រេចឲ្យនៅក្រៅឃុំ របស់អ្នកទាំង១៥នាក់នោះ ។
ក្រុមសកម្មជនទាំងនោះ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ អស់មួយជីវិត ចំពោះការចោទប្រកាន់ពីបទសមគំនិត ក្នុងការធ្វើវិទ្ធង្សនាក្នុងការអនុវត្តច្បាប់ សន្តិសុខជាតិថ្មីបំផុត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា