ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងរុស្ស៊ី ស្ទាក់ដំណើរយន្ដហោះ ទម្លាក់គ្រាប់យុទ្ធសាស្រ្តអាមេរិក ២គ្រឿង លើសមុទ្រប៉ាល់ទិក

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ីមួយគ្រឿង បានអមដំណើរយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្រអាមេរិកចំនួន ២ គ្រឿង នៅលើសមុទ្របាល់ទិកកាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសចំនួន ២ ដែលកំពុងខិតជិតព្រំដែនរុស្ស៊ីលើដែនទឹក អព្យាក្រឹតនៃសមុទ្របាល់ទិក ហើយយន្តហោះចម្បាំង Su-27 ក៏បានចេញប្រតិបត្ដិការជាការឆ្លើយតប។

នាវិកនៃយន្តហោះរុស្ស៊ីបានកំណត់ គោលដៅជាយន្តហោះ ទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B ចំនួន ២គ្រឿង របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ហើយបានអមដំណើរពួកគេ នៅលើសមុទ្របាល់ទិក។

បន្ទាប់ពីយន្តហោះយោធារបស់ សហរដ្ឋអាមេរិកបានហោះចេញពីព្រំដែនរុស្ស៊ី យន្តហោះ Su-27 បានវិលត្រឡប់ទៅកាន់អាកាសយានដ្ឋាន របស់ខ្លួនវិញដោយសុវត្ថិភាព ។

ប្រភពព័ត៌មានបានឲ្យដឹងថា ការហោះហើរទាំងមូលរបស់ យន្ដហោះប្រយុទ្ធរុស្ស៊ីបានគោរព យ៉ាងតឹងរឹងជាមួយច្បាប់អន្តរជាតិ សម្រាប់ការប្រើប្រាស់ដែនអាកាស ៕

ដោយ ឈូក បូរ៉ា

To Top