ព័ត៌មានអន្តរជាតិ

អ្នកការទូត៖ ចិន ត្រៀមខ្លួនធ្វើការ ជាមួយអាមេរិក ដើម្បីនាំមកនូវទំនាក់ទំនង ទ្វេភាគី ឈរលើផ្លូវត្រឹមត្រូវឡើងវិញ

ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានលើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីនាំទំនាក់ទំនងទ្វេភាគីត្រឡប់មកវិញនៅលើផ្លូវត្រូវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្នុងពេលជួបជាមួយអ្នកសារព័ត៌មាន នៅខាងក្រៅសន្និបាត ប្រចាំឆ្នាំនៃស្ថាប័ននីតិប្បញ្ញត្តិ និងប្រឹក្សានយោបាយកំពូល របស់ប្រទេសលោក វ៉ាង យី បានលើកឡើងថា ភាគីទាំងពីរ គួរតែតាមដានលទ្ធផល នៃការសន្ទនា តាមទូរស័ព្ទ រវាងប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតី អាមេរិក លោក ចូ បៃដិន នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន កាលពីខែមុន ហើយបានកំណត់ ទំនាក់ទំនង ទ្វេភាគី លើមាគ៌ាថ្មី នៃកំណើនប្រកប ដោយស្ថេរភាព។

អ្នកការទូតកំពូល របស់ចិនរូបនេះ បានបន្ដថា ក្នុងនាមជាប្រទេសពីរ ដែលមានប្រព័ន្ធសង្គម ខុសគ្នា ប្រទេសចិននិងសហរដ្ឋអាមេរិក មានភាពខុសគ្នា និងការខ្វែងគំនិតគ្នា ជារឿងជាធម្មតានោះ។

លោកបានបញ្ជាក់ថា “ អ្វីដែលសំខាន់បំផុត គឺត្រូវគ្រប់គ្រងពួកគេ ឱ្យមានប្រសិទ្ធិភាព តាមរយៈការប្រាស្រ័យទាក់ទងដោយត្រង់ ដើម្បីការពារ ការគិតខុស យុទ្ធសាស្ត្រ និងជៀសវាងជម្លោះ និងការប្រឈមមុខដាក់គ្នា” ។

លោកបានបន្ដថា វាមិនមែនជារឿង គួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលមានការប្រកួតប្រជែង រវាងចិន និងសហរដ្ឋអាមេរិក ដោយសារផលប្រយោជន៍ របស់ពួកគេមានទំនាក់ទំនងគ្នា ប៉ុន្តែភាគីទាំងពីរ គួរតែមានការប្រកួតប្រជែង ដែលមានភាពស្អាតស្អំ ដោយឈរលើមូលដ្ឋាន យុត្តិធម៌និងសមធម៌។

លោកបានបន្ថែមថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួបប្រទេសចិន ពាក់កណ្តាលនិងដកចេញ​នូវរាល់ការរឹតត្បិត ដែលមិនសមហេតុផលលើ កិច្ចសហប្រតិបត្តិការ ទ្វេភាគី ឱ្យបានឆាប់និង មិនបង្កើតឧបសគ្គថ្មីៗឡើយ។

នៅក្នុងសន្និសីទកាសែតលោកវ៉ាង បានផ្តល់ឧទាហរណ៍អំពីវិស័យ ដែលប្រទេសទាំងពីរអាចធ្វើ កិច្ចសហប្រតិបត្តិការ រួមទាំងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត ការស្តារសេដ្ឋកិច្ច និងការផ្លាស់ប្តូរអាកាសធាតុ។

ប្រទេសចិន ស្វាគមន៍សហរដ្ឋអាមេរិក វិលត្រឡប់មក កិច្ចព្រមព្រៀងទីក្រុងប៉ារីសវិញ ហើយសង្ឃឹមថាសហរដ្ឋអាមេរិក នឹងទទួលខុសត្រូវ និងចូលរួមវិភាគទាន តាមការគ្រោងទុករបស់ខ្លួន។

លោកបានបន្ថែមទៀតថា យើងសង្ឃឹមថា កិច្ចសហប្រតិបត្តិការថ្មីរវាងចិន និងសហរដ្ឋអាមេរិក លើការប្រែប្រួលអាកាសធាតុ នឹងនាំមកនូវការផ្លាស់ប្តូរ អាកាសធាតុជាវិជ្ជមាន និងដល់ទំនាក់ទំនងទ្វេភាគី ៕

ដោយ ឈូក បូរ៉ា

To Top