ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បង្ហាញនូវជំនឿចិត្តល្អ និងវិលត្រឡប់ទៅរក កិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ វិញនៅពេលឆាប់ៗនេះ។
លោក វ៉ាង យី បានឲ្យដឹងនៅក្នុង សន្និសីទកាសែតមួយថា សហរដ្ឋអាមេរិក ដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀង និងការដាក់សម្ពាធ ជាអតិបរមា របស់ខ្លួនទៅលើអ៊ីរ៉ង់ បាននាំឱ្យមានភាពតានតឹង កើនឡើងនៅក្នុងតំបន់។
លោក វ៉ាង យី បានបន្ថែមថា រដ្ឋបាលអាមេរិកថ្មី បានសម្តែងនូវឆន្ទៈ ក្នុងការវិលត្រឡប់ ទៅរកកិច្ចព្រមព្រៀងវិញ ប្រទេសចិនអំពាវនាវ ឱ្យភាគីអាមេរិក បង្ហាញភាពស្មោះត្រង់ និងចាត់វិធានការភ្លាមៗ រួមទាំងការដកទណ្ឌកម្ម ឯកតោភាគី ខុសច្បាប់ និងយុត្តាធិការលើ អង្គភាពនិងបុគ្គលភាគីទី៣៕
ដោយ ឈូក បូរ៉ា